( មានចំណេះ )
១. ខំប្រឹងប្រែង ខែងប្រឹងប្រិត ខិតប្រឹងប្រាណ
បើខ្ជិលខាន បានខ្ជិលខក បកខ្ជិលខុស
ចាំចំណេះ ចេះចំណូល ចូលចំណុះ
ប្រឹងរៀនចុះ ប្រុសរៀនចាប់ ប្រាប់រៀនចារ ។
២. ស្ដីឱ្យត្រាប់ ស្ដាប់ឱ្យត្រាយ ស្ដាយឱ្យត្រង
ចាក់ចំណង ចងចំណោទ ចោទចំណារ
ត្រាប់តម្រេះ ត្រេះតម្រូវ ត្រូវតម្រា
ចូរកាន់ការ ចារកាន់កាប់ ចាប់កាន់កាយ ។
៣. ពាក្យបណ្ដុះ ពុះបណ្ដូល ពោលបណ្ដាំ
ចូរចំណាំ ចាំចំណេះ ចេះចំណាយ
អិតសូន្យសោះ អស់សូន្យសាប់ អាប់សូន្យសាយ
ចែកចំណាយ ចាយចំណូល ចូលចំណេះ ។
៤. ចាំតាមក្រម ចំតាមក្រង ចងតាមក្រិត
ប្រឹងរៀនចាប់ ប្រាប់រៀនចុះ ប្រុសរៀនចេះ
ចូលចំណេះ ចេះចំណាំ ចាំចំណាន ៕
និពន្ធដោយ៖ ផន ផានឿន
ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៤
“បទៈ
សុឡាបឡួន”
( រុយ )
១. រុយរុះរាន់ គ្នាន់គ្នេរគិត ពិតពុះពារ
គ្រប់ៗគ្រា វាវាងវៃ លៃលលាម
ហិចហោះហើរ ប្រើប្រាជ្ញប្រាយ ត្រាយត្រេចត្រៀម
ស្ងប់ស្ងាត់ស្ងៀម បៀមបូមបឺត ខ្មឺតខ្មាពាខ្មី ។
២. ខាំខួនខែង តែងតោងតាម ស្នាមស្នាលស្និទ្ធិ
ចំចូលចិត្ត ដិតដាមដក់ ឆក់ឆាបឆី
សាកសពសត្វ កាត់កកេរ ដេរដាសដី
ប្រឹងប្រិមប្រីយ៍ ឆីឆក់ឆាប់ ចាប់ចែកចាយ ។
៣. គ្រឿងគ្រោតគ្រៀត ជាតិជាប់ជក់ វក់វិលវល់
ងោះងងុល រុលរុករក ស៊កសព្វសាយ
ស៊ីសាច់សុះ ចុះចូលចេះ កេះកកាយ
ត្រឹបត្រេចត្រាយ ចាយចែកចោះ ហោះហូរហែរ ។
៤. ជើងជាប់ជោគ រោគរួតរុំ ទំទីទៀត
ជ្រុះជ្រាបជ្រៀត បៀតបៀនបាន ប្រានប្រួលប្រែ
ចាប់ចុកចាក់ ហាក់ហេលហាល ដាលដុះដែរ
ក្អកក្អួតក្អែរ កែកើតកៀក រៀករីងរៃ ។
៥. រុយរាយរោគ ជោគជុំជិត ពិតពើតពើង
យាយីយើង ពើងពានពារ វាវាងវៃ
ឆីឆក់ឆាប ឆ្អាបឆ្អេះឆ្អិត លិតលកលៃ
មើលមមៃ លៃលុយលុក រុករៀនរោម ៕
និពន្ធដោយ៖ ផន ផានឿន
តាកែវ, ថ្ងៃទី ១០ ខែ កុម្ភះ
ឆ្នាំ ២០១៤
“បទៈ ពាក្យ
៧”
( លួចស្នេហ៍ពៅ )
១. ចង់ស្ដាប់ស័ព្ទស្ងួននួនមាសមិត្ត ចិត្តពិតគិតកួចលួចស្នេហ៍ស្នង
មើលទៅពៅស្រស់បស់កន្លង រៀមបងប៉ងស្នេហ៍តែបុប្ផា ។
២. គ្នានលាក់អ្នកផ្សេងកេងបោកប្រាស់ មែនច្បាស់ណាស់ចិត្តឥតសាវា
ហ៊ានស្បថអត់កែប្រែចិន្ដា បងប្រាថ្នាពិតគិតស្រមៃ ។
៣. ចង់ថ្នមបមបីស្រីពន្លក នាំយកមកជិតនិត្យនេបថ្លៃ
កៀកកើយឆ្លើយឆ្លងបងរាល់ថ្ងៃ លុះក្ស័យថ្លៃក្បែរតែបងមួយ ។
៤. សុខសាន្តថ្កានខ្ពស់រស់ជួបជុំ មិនយំលំបាកយ៉ាកយល់ព្រួយ
បងនឹងរឹងមាំទ្រាំលើកស្ទួយ ស្មោះមួយជួយពៅនៅការពារ ។
៥. ក្នុងចិត្តដិតដាមស្នាមស្មេហ៍ថ្លៃ ស្រមៃថ្ងៃយប់គ្រប់វេលា
ល្ងាចព្រឹកនឹកខ្វល់ដល់ពុំងារ កំព្រាគ្រាកាយឆ្ងាយមាសស្នេហ៍ ។
៦. បើសិនមិនបានប្រាណអួនមួយ រញ្ជួយព្រួយចិត្តត្បិតបែកបែរ
គ្រាំក្រៀមប្រៀមទុក្ខមុខគ្មានល្ហែ មិនកែរប្រែរកយកអ្នកថ្មី ។
៧. ពេលនេះរិះគិតពិតប្រញាប់ ចង់ចាប់ប្រាប់ចាស់ច្បាស់សេចក្ដី
ឱ្យសួរគួរគាប់ភ្ជាប់ពាក្យស្រី ចូលស្ដីស្រីស្ងួននួនជាគូ ៕
និពន្ធដោយ៖ ផន ផានឿន
តាកែវ, ថ្ងៃទី ១១ ខែ កុម្ភះ
ឆ្នាំ ២០១៤
“បទៈ
ជាប់ទងពាក្យ ៩”
( ស្នេហ៍ច័ន្ទថ្លៃ )
១. មើលច័ន្ទចរ ល្អពិសិដ្ឋ ចិត្តលួចស្នេហ៍
ចង់នៅក្បែរ ថែនេបនិត្យ ជិតច័ន្ទថ្លៃ
ច័ន្ទចែងជះ រះទីខ្ពស់ ហួសឆ្ងាយដៃ
គិតស្រមៃ ថ្ងៃណាបាន ប្រាណច័ន្ទថ្លា ។
២. កណ្ដាលយប់ គ្រប់សព្វសត្វ ស្ងាត់លង់លក់
បងវល់វក់ ឈ្លក់សម្លឹង ខឹងតារា
ដែលរះមក ជ្រកកៀកក្បែរ ញ៉ែច័ន្ទថ្លា
ឱ! ថ្លៃណា តារារះ ជះទីឆ្ងាយ ។
៣. សូមខ្យល់ពាំ នាំសាស័ព្ទ ប្រាប់ច័ន្ទផង
ថារួបបង ប៉ងស្នេហ៍សិទ្ធ ចិត្តខ្វល់ខ្វាយ
ចង់បីបម ថ្នមនេបនិត្យ ជិតក្បែរកាយ
គ្មានរសាយ ស្ដាយរលឹក នឹកច័ន្ទថ្លៃ ។
៤. បើសិនមាន យាន្តចម្លង បងនឹងទៅ
ថ្នាក់ថ្នមពៅ នៅកៀកក្បែរ ថែរាល់ថ្ងៃ
ដោយក្ដីស្មោះ អស់ពីចិត្ត ឥតកាឡៃ
ស្នេហ៍ច័ន្ទថ្ងៃ ថ្ងៃនិងយប់ គ្រប់វេលា ។
៥. ចិត្តរញ្ជួយ ព្រួយបារម្ភ ខំរិះគិត
ខ្វល់គំនិត ពិតឥតល្លែ ប្រែគ្រាំគ្រា
ប្រៀមទុក្ខធ្ងន់ ជន់អួលណែន សែនវេទនា
ស្នេហ៍ច័ន្ទ្រា ជាស្រមៃ ថ្ងៃណាបាន ។
៦. បងទន្សាយ កាយតូចជាក់ អ្នកក្រីក្រ
ស្នេហ៍ច័ន្ទល្អ ចរទីខ្ពស់ ហួសការស្មាន
ស៊ូបំពាន ហ៊ានប្ដេចប្ដូរ បូរចាប្រាណ
ឱ្យតែបាន ប្រាណច័ន្ទពៅ នៅកៀកក្បែ ។
“បទៈ
ជាប់ទងពាក្យ ៩”
( សែនឈឺចិត្ត )
១. សែនឈឺចិត្ត ស្អិតក្នុងទ្រូង រូងដល់ភ្នែក
ថ្ងូរយំយែក ជ្រែកឱរ៉ា ផ្សាដួងចៃ
ព្រោះរឿងស្នេហ៍ ប្រែមិនទៀង នាងកាឡៃ
ស្ទើរក្សីណក្ស័យ ថ្ងៃល្ងាចព្រឹក នឹកសោកា ។
២. ស្រស់វរមិត្ត ពិតធ្លាប់ស្បថ អត់ប្រួលប្រែ
ស្មោះនិងស្នេហ៍ តែប្រុសបង ចងវាសនា
ឆោមព្រលឹង នឹងថ្មមពៅ នៅរក្សា
លុះមរណា ឡាលោកា លាប្រុសស្ងួន ។
៣. តែថាឡូវ ត្រូវក្រឡាស់ ផ្លាស់ឃើញជាក់
ឆោមវលក្ខណ៍ ទាក់ទងគេ រេបំពួន
មានតម្រេក ស្រេកទឹកលុយ នុយទិញខ្លួន
ស្នេហ៍ខុសក្បួន ស្ងួនបំភ្លៃ លៃលោកលាម ។
៤. អូនឥតស្ដាយ ក្លាយអប្រិយ ស្ដីពាក្យឌឺ
ឱ្យបងឮ ឈឺដួងចិត្ត ឥតនៅស្ងៀម
ញ័រចំប្រប់ ថប់ចិន្ដា ផ្សាគ្រាំគ្រៀម
យំលាក់លាម បៀមវិបត្តិ កាត់ឥតស្បឿយ ។
៥. ស្ដាយក្ដីស្នេហ៍ ថែពីមុន ស៊ុនខកខាត
ស្រីប្រមាទ កាតតិះទៀន គ្មានយល់ឡើយ
អោយបងឈឺ ព្រឺព្រួចចិត្ត ឥតស្រាកស្បើយ
ស្រស់ត្រាណត្រើយ ឆ្លើយវាចា ថាបងល្ងង់ ។
៦. បងក្រក្រី ស្រីមិនស្មោះ អស់អារម្មណ៍
ថាមិនសម ផ្សំគូរគាប់ ភ្ជាប់ពូជពង្ស
បងឈឺពេក ដេកឱបទុក្ខ មុខឡើងជ្រុង
ព្រោះលិចលង់ ជង់ល្បិចស្នេហ៍ ប្រែមាយា ។
៧. សែនឈឺចិត្ត ត្បិតស្នេហ៍ព្រាណ មានចិត្តពីរ
រេវក់វី ឈ្លីស្នេហ៍ស្នង ចងចិត្តមារ
បងឥឡូវ ត្រូវឈឺចាប់ អាប់ទយា
ស៊ូគ្រាំគ្រា លាហើយពៅ នៅឱ្យសុខ ៕
និពន្ធដោយ៖ ផន ផានឿន
“បទៈ
ពាក្យ ៧”
( ស្នេហ៍តែអូនមួយ )
១. ដៃកាន់ប៊ិចរំលេចសំណេរ រៀបរាប់សរសេររឿងជីវិត
អាធ្រាត្រយប់ជ្រៅនៅរិះគិត វិលវល់គំនិតត្បិតពិចារណ៍ ។
២. រាត្រីស្ងប់ស្ងាត់សត្វនិន្ទ្រា ច័ន្ទចរលីលាវាវៃហាស៍
ចិត្តក្រៀមក្រមសម្ងំឯកា គន់មើលច័ន្ទថ្លាជះរង្សី ។
៣. សន្សើមស្រក់ខ្លល់បក់ប៉ើយៗ បេះដូងចិត្តស្បើយព្រួយនឹកស្រី
ទោះបងឃ្លាតកាយឆ្ងាយពិសី តែចិត្តកវីភក្ដីស្នេហ៍ ។
៤. សម្លេងចង្រិតដែកស្រែកយំ ពិរោះរងំក្រោមដួងខែ
ធ្វើឱ្យបេះដូងរិតឥតល្ហែ នឹកសៀងមាស្នេហ៍ធ្លាប់សាសង ។
៥. មេយស្រឡះឃើញច្បាស់រាជនី ដូចភ័ក្រឆវីស្រស់កន្លង
កើតទុក្ខខ្វល់ខ្វាយក្លាយសៅហ្មង ចង់ឃើញនួនល្អងផ្ទាល់នេត្រា ។
៦. ថ្ងៃនេះថ្ងៃស្អែកដូចតែគ្នា បេះដូងកំព្រាព្រាត់បុប្ផា
ព្រោះបងតម្រូវត្រូវសិក្សា ឱ្យ!
ម្ចាស់ចិន្តាចាំបានទេ? ។
៧. វាលាបោះជំហានជានិច្ច ថ្ងៃរះហើយលិចមិនទំនេរ
បើគិតថាយូរប្តូរយកគេ បងឥតខឹងទេតែឈឺចាប់ ។
៨. ទោះមេឃរលំភ្នំរលាយ ចិត្តបងមិនងាយប្រែក្រឡាប់
ស្មោះស្ម័គ្រនិមលទល់ដល់ស្លាប់ នេះជាសាស័ព្ទប្រាប់ការពិត ។
៩. បេះដូងតក់ស្លត់រន្ធត់ខ្លាច ខ្លាចកម្មកំណាចនៃជីវិត
ពង្រត់រូបបងនិងវរមិត្រ ឱ្យឃ្លាតគ្នាពិតឥតជួបជួន ។
១០. នោះទឹកភ្នែកនឹងជ្រែកហូរស្រក់ ជាច្រើនដំណក់ស្រក់ផ្ទួនៗ
ទួញយំបោកកាយស្ដាយមាសស្ងួន រហូតស្គមខ្លួនគ្រាំក្សីណក្ស័យ ។
១១. ផ្កាអូនរីកស្រស់បង្ហើរក្លិន បងតែងសុបិនឃើញភ័ក្រថ្លៃ
បេះដូងបន់ផ្សងប៉ងស្រមៃ ចង់ថ្មមចរណៃគ្រប់វេលា ។
១២. យប់កាន់តែជ្រៅនៅចម្បែង អង្គុយម្នាក់ឯងតែងកាព្យា
ដាក់ចិត្តស្លុងក្នុងសន្ធិយា គន់មើលច័ន្ទ្រាផ្ដើមទាបកាយ ។
១៣. បេះដូងក្រំក្រៀមបៀមកង្វល់ ស្រែកផ្ដាំតាមខ្យល់ពីចម្ងាយ
ឱ្យជួយសាស័ព្ទប្រាប់ឆោមឆាយ ថាបងមិនណាយនឹករាល់ថ្ងៃ ៕
“បទៈ
ពាក្យ ៨”
( លាក់មិនជិត )
១. ត្រីធំទឹករាក់លាក់ខ្លួនមិនជិត តែប្រឹងឡើងឫទ្ធិធ្វើរឹកសំញែង
ហិចហែលទៅមកជ្រកពួនខ្លួនឯង ចិត្តឥតកោតក្រែងតែប្រហាគេ ។
២. ឈើខ្ពស់ផ្លែទំរំបាំងសន្លឹក គង់មានសត្វចឹកលាក់មិនជិតទេ
ដំរីធំខ្លាំងបាំងនិងចង្អេរ កែវភ្នែកទាំងទ្វេរេឃើញពុំខាន ។
៣. ផោមនៅក្នុងទឹកគង់មានគេដឹង សាងទោសធំម្លឹងប្រឹងលាក់ម្ដេចបាន
ជើងដើរជាន់ដីរឿងអីគ្មានដាន ហូបបាយដាក់ចានពុំខាន់ប្រឡាក់ ។
៤. ទោះភ្មែកធម្មតាមើលមិនធ្លុះដល់ តែភ្នែកកម្មផលមិនងាយព្រឹលខ្វាក់
មើលឃើញសុចរិតឥតស៊ីសូកប្រាក់ មិនខ្លាចបុណ្យស័ក្ដិឋានៈធំខ្ពស់ ។
និពន្ធដោយ៖ ផន ផានឿន
ភ្នំពេញ,
ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៤
“បទៈ
ពាក្យ ៨”
( កុំចង់កើត )
១. រលកបោកខ្លាំងច្រាំងជ្រាលសឹងបាក់ ទឹកជន់ហូរចាក់ទម្លាក់សមុទ្រ
ទិន្នករចែងជះរះក្ដៅដូចដុត ទ្វីបលោកស្ទើរផុតរលត់ធម៌អាថ៌ ។
២. វាយោបក់បោកបំបាក់រុក្ខជាតិ ត្រីច្រើនព្រោងព្រាតឃ្លាតចាកជលសា
សព្វសត្វតូចធំទួញយំសោកា ស្រក់ទឹកនេត្រាមិនថាថ្ងៃយប់ ។
៣. សមុទ្រជីវិតជ្រៅគ្មានកោះត្រើយ បំពេញយូរហើយនៅតែមិនគ្រប់
តូចឃ្លានចង់ធំ ធំឃ្លានលើសលប់ ជីវិតធ្លាក់ជ្រុបក្នុងភពផែនទុក្ខ ។
៤. គុណធម៌រលាយសម្ពាយទឹកភ្នែក គួរឱ្យសង្វេកពីស្អែកទៅមុខ
ច័ន្ទប្រឹងរះមកពពកវាយលុក កូនមាសឪពុកស្រុកយើងយ៉ាប់ហើយ ។
៥. សរប្រែជាខ្មៅដៅដោយទឹកប្រាក់ ភ្លឺប្រែជាខ្វាក់វង្វេងកោះត្រើយ
កើតរោគស្រេកឃ្លានគ្មានគ្រូមើលឡើយ ឱ! កូនពុកអ្ហើយកុំឡើយចង់កើត ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ,
ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៤
“បទៈ
ពាក្យ ៨”
( ស្រលាញ់តែមិនហ៊ានសារភាព )
១. រាត្រីស្ងប់ស្ងាត់បាត់ដួងច័ន្ទថ្លា សល់តែតារាប្រឹងរះចិញ្ចែង
រូបបងក្រៀមក្រំសម្ងំម្នាក់ឯង កណ្ដាចកណ្ដែងកណ្ដាលរាត្រី ។
២. មានស្នេហ៍តែលាក់លាមទុកក្នុងចិត្ត និត្យនៅដាមដិតឥតហ៊ានប្រាប់ស្រី
បានត្រឹមលបលួចកួចនឹកពិសី បេះដូងភក្ដីរងទុក្ខឥតស្បើយ ។
៣. ឥទ្ធិពលស្នេហ៍បង្ខំបងណាស់ តែចិត្តអៀនខ្មាស់និងស្រស់ត្រាណត្រើយ
មិនហ៊ានសាស័ព្ទប្រាប់ការពិតឡើយ ឱ! ម្ចាស់ស្នេហ៍អ្ហើយឱ្យធ្វើយ៉ាងណា ?
៤. ភ័ក្រ្តអូនមានមន្តបន្ទន់ចិត្តបង យប់ថ្ងៃបន់ផ្សងប៉ុនប៉ងប្រាថ្នា
ចង់រស់នៅក្បែរថ្នមថែជីវ៉ា ចងក្រងរាសនាលុះសូន្យជីវិត ។
៥. រូបបងបារម្ភក្រែងអូនមានគេ ទើបចិត្តរិះរេលាក់បាំងការពិត
សោកសៅវិលវល់អំអល់រិះគិត ខ្លាចស្រស់វរមិត្តបានអ្នកដទៃ ។
៦. ទំហំស្នេហ៍បងចំពោះកល្យាណ ធំហួសការស្មានប្រៀបនភាល័យ
យកឈ្មោះជិវ៉ាចារជាប់ហឫទ័យ ជាតិនេះគ្មានន័យបើខ្វះចរណៃ ។
៧. បេះដូងក្រំក្រៀមបៀមទុក្ខកង្ខល់ ស្រែកផ្ដាំតាមខ្យល់ឲ្យជួយប្រាប់ថ្លៃ
ថាបងសួចស្នេហ៍លួចនឹករាល់ថ្ងៃ ជាតិនេះស៊ូក្ស័យបើមិនបានអូន ។
និពន្ធដោយ៖
ផន
ផានឿន
“បទៈ
ពាក្យ ៧”
( រនោចចាំស្នេហ៍ )
១. រាត្រីរនោចលួចលាក់ទុក្ខ ក្រៀមក្រំទឹកមុខចិត្តកំព្រា
បង្ហូរទឹកខ្មៅដៅកាព្យា បេះដូងគ្រាំគ្រាព្រួយក្ខល់ខ្វាយ ។
២. រាត្រីងងឹតគិតមិនយល់ ដួងចិត្តអំពល់គ្នានរសាយ
មិនគួរម្ចាស់ស្នេហ៍ប្រែព្រាត់ឆ្ងាយ នឹកឡើយសែនស្ដាយហួសនិស្ស័យ។
៣. ស្នាមញញឹមស្រស់របស់ពៅ បងចងចាំនៅរៀងរាល់ថ្ងៃ
ធ្លាប់ពោលឆ្លង់ឆ្លើយកៀកកើយថ្លៃ ពេលនេះចរណៃគ្មានមេត្តា ។
៤. គេចពីបងបាត់ស្ងៀមស្ងាត់សូន្យ មិនដឹងជាអូនទៅទីណា
ពាក្យមួយមាត់ក៏ឥតវាចារ ចាកចោលស្នេហាស្មោះភក្ដី ។
៥. អនុស្សាវរីយ៍ពីអាឌិត តាមលងជិវិតហាក់ថ្មីៗ
កែវភ្នែកចំណាំចាំភ័ក្រ្តស្រី បំភ្លេចម្ដេចក្ដីក៏មិនបាន ។
៦. បេះដូងស្មោះចង់ហោះរកស្ងួន យកមកថែធួនថ្នាក់ថ្មមប្រាណ
មិនអោយអូនឃ្លាតម្ដងទៀតបាន ឱ! ស្រស់កល្យាណបងនឹកណាស់ ។
៧. ពាក្យធ្លាប់ស្បថបងកត់ជាប់ចិត្ត អូនថាស្នេហ៍ស្និទ្ធិឥតប្រែក្រឡះ
ដល់ពេលឥឡូវត្រូវព្រាត់ប្រាស់ អូនប្រែប្តូរផ្លាស់ខុសសន្យា ។
៨. ឫមួយព្រោះបងជាអ្នកក្រ ទើបឈប់បន្តភក្ដីស្នហា
ចាកចោលសៃវានគ្មានមេត្តា ដឹងទេជីវ៉ាបងសែនចម្បែង? ។
៩. ឫក៏មាសស្ងួនមានគេថ្មី យកស្នេហ៍ភក្ដីធ្វើជាល្បែង
អោយបងសោកសៅនៅម្នាក់ឯង រៀបរាប់ថ្លាថ្លែងតែងអក្ខរា ។
១០. រាត្រីព្រាត់ច័ន្ទបងព្រាត់អូន យប់យន់ស្ងាត់សូន្យព្រួយឯកា
បង្ហូរទឹកភ្នែកជ្រែកភ័ក្ក្រត្រា មិនដឹងពេលណាអូនត្រឡប់ ។
១១. រនោជចាំស្នេហ៍គ្មានល្ហែល្ហើយ បេះដូងមិនស្បើយញ័រចំប្រប់
ស៊ូរងកម្មចាំអូនត្រឡប់ ឱ! ពៅសំណព្វកុំស្អប់បង ។
និពន្ធដោយ៖ ផន ផានឿន
ភ្នំពេញ, ថ្ងៃទី ០៣ ខែកក្ដកា ឆ្នាំ ២០១៣
“បទៈ
ពាក្យ ៧”
( កាព្យស្នេហ៍ )
១. រាត្រីស្ងាត់ឈឹងសញ្ជឹងគិត អណ្ដែតគំនិតតាមវាតា
សំរក់ទឹកខ្មៅដៅអក្ខរា រៀបរាប់រចនាចារកាព្យថ្មី ។
២. ព្រះច័ន្ទល្អចរចាកអញ្ហ បំភ្លឺពស្តុធាដោយរស្សី
បេះដូងខ្វល់ខ្វាយនឹកដល់ស្រី ផ្ញើចិត្តភក្ដីតាមកាព្យស្នេហ៍ ។
៣. ច្រើនថ្ងៃកន្លងបងចម្បែង ក្រៀមក្រំម្នាក់ឯងក្រោមដួងខែ
ចង់បានពាលពៅមកនៅក្បែរ ថ្នាក់ថ្នមមើលថែលុះសូន្យប្រាណ ។
៤. កម្មលិខិត ក កម្រិតទុក ឲ្យបងជួបមុខស្គាល់កល្យាណ
ចិត្តប្រតិពន្ធឃាត់មិនបាន ដេកដើរគ្រប់ឋាននឹកកដ្ធា ។
៥. មាសស្ងួនញញឹមចោលវង់ភ័ក្រ ទាញបង់ឲ្យធ្លាក់ជ្រោះស្នេហា
បេះដូងលោតញាប់ខុសធម្មតា ពេលជួបភ័ក្ត្រត្រាពៅម្ដងៗ ។
៦. សម្ដីមានមន្តទន់ពិរោះ ហាក់ស្ទុះមកគោះត្រចៀកបង
ឲ្យប្រឹងផ្ទៀងស្ដាប់ស័ព្ទសាសង ចិត្តចាំគួចចងរាល់វេលា ។
៧. ក្នុងលោកនេះមានតែអូនមួយ ដែលចិត្តបងព្រួយគិតគ្រប់គ្រា
មិនចង់ឃ្លាតកាយឆ្ងាយពុំងារ រូបអូនគឺជាម្ចាស់ចិត្តបង ។
៨. អូនស៊ីថាផ្ការីកក្នុងថូរ រៀបបងមិនប្តូរឈ្មោះស្នេហ៍ស្និទ្ទ
ថ្នាក់ថ្នមផ្កាមិនឲ្យក្រៀមស្វិត រួមរស់ផ្ដេកផ្ដិតឥតងាករេ ។
៩. តែបងរញ្ជួយព្រួយអំពុល ខ្លាចស្រស់និមលមានរួមគេ
បេះដូងមានម្ចាស់មិនទំនេរ ឱ! អូនដឹងទេបងគេងគិត? ។
១០. បើសិនបេះដូងអូនមានម្ចាស់ នោះបងនឹងច្បាស់សោកសៅពិត
ច្នេះសូមត្រានត្រើយឆ្លើយការពិត កុំលាក់វមិត្តបងចង់ដឹង ។
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៣
“បទៈ នាគបរិព័ន្ធ
ពាក្យ៨”
( ព្រួយចិត្ត )
១. បងស្គាល់ស្រី នាងស្អាត ល្អឯកពិត
ល្អឯកពៅ បងគិត ចង់បាននួន
ចង់បាននាង រួមរស់ កៀកជិតខ្លួន
កៀកជិតខ្លិន សមសួន ស្រស់មាសថ្លៃ ។
២. ស្រស់មាសថ្លា បេះដូង បងនឹកណាស់
បងនឹកណែន ជាក់ច្បាស់ ក្នុងចិត្តក្រៃ
ក្នុងចិត្តក្រាស់ ដោយទុក្ខ រាល់យប់ថ្ងៃ
រាល់យប់ថ្ងួច ស្រមៃ ដល់រូបស្រស់ ។
៣. ដល់រូបស្រី បុប្ផា ម្ចាស់ជីវិត
ម្ចាស់ជីវី បងពិត សែនស្រណោះ
សែនស្រណោក សោកព្រួយ ចិត្តក្រៀមគ្រោះ
ចិត្តក្រៀមក្រំ ភ្លឹកអស់ ព្រោះនឹកពៅ ។
៤. ព្រោះនឹកពិត ជាប់ចិត្ត ឥតបែកបាន
ឥតបែកបែរ ពីប្រាណ ស្ថិតស្ថេរនៅ
ស្ថិតស្ថេរនឹក នួនល្អង បងគិតទល់
បងគិតទស់ យប់ជ្រៅ មិនគេងទេ ។
៥. មិនគេងអារម្មណ៍ អារម្មណ៍ ព្រួយវិលវល់
ព្រួយវិលវក់ អំពល់ ខ្លាចមាសមេ
ខ្លាចមាសមុំ ម្ចាស់ចិត្ត បានទៅគេ
បានទៅគូរ វាចវេរ ព្រាត់ពីបង ។
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៣
“បទៈ
នាគបរិព័ន្ធ ពាក្យ៨”
( ទស្សាយស្ដាយច័ន្ទ )
១. គន់មើលដួងច័ន្ទចរជះរង្សី រីកភ័ក្រ្តប្រិមប្រិយសែនស្រស់អស្ចារ្យ
ដួងចិត្តស្រម៉ៃចង់ថ្នមច័ន្ទថ្លា នៅក្នុងហត្ថារៀមរ៉ារាល់ថ្ងៃ ។
២. តែគួរឲ្យស្ដាយទន្សាយតូចទាប មិនអាចប្រៀបធៀបនឹងដួងច័ន្ទថ្លៃ
បានត្រឹមគេងផ្សងប៉ុនប៉ងស្រមៃ តែគ្នាននិស្សបានថ្នាក់ថ្នមឡើយ ។
៣. គន់មើលផ្ទៃមេឃសែនវែងអន្លាយ ដួងច័ន្ទរះឆ្ងាយខ្ពស់ឥតកោះត្រើយ
ឱ! ដួងច័ន្ទអើយសូមកន្តើយ អ្នកផ្ដល់ចម្លើយឲ្យខ្ញុំដឹងផង ។
៤. សូមដួងចន្ទ្រាមេត្តាអាណិត យល់ដល់ទឹកចិត្តត្បិតខ្ញុំស្នេហស្នង
តើអ្នកដឹងទេច្រើនថ្ងៃកន្លង ដែលខ្ញុំគេងផ្សងចង់រស់ក្បែរអ្នក ។
៥. សូមដួងច័ន្ទល្អចរចាកទីឆ្ងាយ បន្ទាបរូបកាយមកពោលរាក់ទាក់
ឲ្យខ្ញុំបានអោបក្រសោបរូបអ្នក អង្អែលវង់ភ័ក្រដ៏សែនល្អស្រស់ ។
៦. បងស្នេហ៍ច័ន្ទមួយព្រួយលាយសង្ឃឹម ទឹកភ្នែករលឹមបេះដូងក្រៀមក្រោះ
តែចិត្តស្មោះស្នេហ៍មិនប្រួលប្រែសោះ បូរជាទាំងអស់ចំពោះច័ន្ទថ្លៃ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៣
“បទៈ
កាកគតិ បែបទី២”
( ស្រីដែលខ្ញុំស្នេហ៍ )
១. ស្រីដែលខ្ញុំស្នេហ៍ ស្អាតគួរសមដែរ វង់ភ័ក្រ្ដស្រស់ថ្លា
មិនខ្ពស់មិនទាប សុភាពរាបសា មានមន្តស្នេហា
អ្នកផងចាប់ចិត្ត ។
២. ស្រីដែលខ្ញុំស្នេហ៍ នាងជាកូនខ្មែរ ប្រព្រិត្តសុចរិត
ឬកពាបវរ ស្មោះស្នេហ៍ស្និទិ មិនលួចក្បត់ផិត
អោយខ្ញុំឈឺចិត្ត ។
៣. ស្រីដែលខ្ញុំស្នេហ៍ ចេះស្ដាប់ពុកម៉ែ មិនប្រែក្រឡាប់
រក្សាកិត្តិយស កេរ្តិ៍ឈ្មោះមិនអាប់ ពុកម្ដាយប្រៀនប្រាប់
ស្ដាប់មិនខ្ជីខ្ជារ ។
៤. ស្រីដែលខ្ញុំស្នេហ៍ រឹងមាំពួកែ ប៉ិនធ្វើការងារ
ចេះរៀបចាត់ចែង ខ្នះខ្នែងពុះពារ មិនខ្ជិលមាយា
ត្អូញត្អែរំអួយ ។
៥. ស្រីដែលខ្ញុំស្នេហ៍ ស្មោះនឹងជាតិខ្មែរ មិនប្រែរលួយ
មានចិត្តហានក្លា រក្សាលើកស្ទួយ មិនពុករលួយ
ព្រោះប្រយោជន៍ខ្លួន ។
៦. ស្រីដែលខ្ញុំស្នេហ៍ មិនដើរប៉ោឡែ ចងមិត្តគំគួន
មិនប្រើល្បិចសៀត មាយាទសមសួន គោរពច្បាប់ក្បួន
ស្មោះស្ម័គ្រញាត្តិមិត្ត ។
៧. ស្រីដែលខ្ញុំស្នេហ៍ មិនថាក្រុងស្រែ អោយតែចេះគិត
ចេះបែងលកលៃ វាងវៃគំនិត ស្អិតស្អាងប្រព្រឹត្ត
តែអំពើល្អ ។
៨. ស្រីដែលខ្ញុំស្នេហ៍ មិនក្រឡះប្រែ កិចកែរឆូវឆរ
រាក់ទាក់រុសរាយ និយាយស្មោះស មិនជ្រើមបង្គ
នូវរឿងអន្តរាយ ។
៩. ស្រីដែលខ្ញុំស្នេហ៍ ពិតជាស្រីខ្មែរ ស្លៀកពាក់សមកាយ
មិនធ្វើតាមត្រេក ស្រើបស្រេកឆើតឆាយ ដើរលេងសប្បាយ
ហិចហើរហ៊ឺហា ។
១០. ស្រីដែលខ្ញុំស្នេហ៍ ចិត្តធ្ងន់អោបថែ គ្រប់គ្រងគ្រួសារ
ទោះក្រតោកយ៉ាក លំបាកយ៉ាងណា ផ្គត់ផ្គង់រក្សា
លុះសូន្យជិវិត ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៣
“បទៈ
ពាក្យ៨”
( ប្រុសព្រាន )
១. គួរឲ្យសង្វេគប្រុសខ្លះឥឡូវ យកខុសធ្វើត្រូវមិនគិតពិចា
បោកប្រាស់ស្រីៗឲ្យរងខ្លោចផ្សា ប្រើល្បិចស្នេហាកិច្ចកលប្រួលប្រែ ។
២. កាលពីស្រលាញ់ពោលពាក្យសាសង អោបថើបនួនល្អងនេបនិត្យកៀកក្បែរ
លើកដៃសំពះរួតរះស្បត់ស្បែរ ថារស្មោះនឹងស្នេហ៍មិនប្រែពីរបី ។
៣. ប្រើគ្រប់ល្បិចកលបោកយកខ្លួនប្រាណ បម្រើកម្សាន្តតណ្ហាអប្រិយ៍
រួចហើយក្រឡះផ្លាស់ទៅមានថ្មី ធ្វើអោយរូបស្រីរងទុក្ខគ្រាំគ្រា ។
៤. ប្រុសព្រានមានពាក្យកិចកែការឡៃ ចារអស់និស្ស័យនិសស្រស់ពុំងារ
ពីពេលនេះទៅយើងត្រូវបែកគ្នា អោយផ្សាសោកការរុះរោយស្រទាប់។
៥. កូឡាបល្អស្រស់បែរជាក្រៀមស្វិត ឈឺចាប់ក្នុងចិត្តត្បិតស្នេហ៍ពុំគាប់
អាសូរវាសនាចារមកអភ័ព្វ រស់រងទុក្ខជាប់ពាសពេញឱរ៉ា ។
៦. ប្រុសព្រាណចិត្តពីរញាំញីពិសពល់ អោយស្រីវិលវល់ខ្វល់ខ្វាយចិន្ដា
ជីវិតរងគ្រោះអាប់យសគ្រួសារ ឈឺចាប់ខ្លោចផ្សាស្ទើក្សិនក្ស័យ ។
៧. ប្រុសសម័យថ្មីគ្មានក្ដីអាណិត បេះដូងឧក្រិដ្ធដួងចិត្តព្រៃផ្សៃ
រករឿងឥតហេតុស៊ីឆ្អែតដោះដៃ កិចកែរការឡៃក្រឡះប្រួលប្រែ ។
៨. ប៉ិនខាងប្រើស្តាយលេបខាយសម្ដី ទាក់ទាញចិត្តស្រីឲ្យលង់ក្ដីស្នេហ៍
ពេលបានផ្ដេកផ្ដិតនេបនិត្យកៀកក្បែរ ចាប់ផ្ដើមបែកបែរលួចលាក់មានថ្មី ។
៩. នៅក្នុងដួងចិត្តឥតគិតអាសូរ ដល់ស្រីដែលប្តូរឲ្យព្រម្មចារី
លះបង់គ្រប់យ៉ាងគ្នានសេះសល់អ្វី នោះជឿសម្ដីប្រុសបានសន្យា ។
១០. ឱសឱ!
ប្រុសព្រាណប្រៀបដូចកន្លង់ បំពេញចំណង់បំផ្លាញរូបផ្កា
ធ្វើតាមតែចិត្តគំនិតឬស្យា គ្មានក្ដីមេត្តដល់ផ្ការងគ្រោះ ។
១១. នាងយំសោយសោកទឹកភ្នែកជោកថ្ពាល់ ត្បិតពុំដែលស្គាល់ភាពស្អុយកេរ្តិ៍ឈ្មោះ
ញាតិមិត្តអ្នកផងឌឺដងសាព្រោះ អាប់ឱនកិត្តិយសរស់លែងប្រពៃ ។
១២. វិយោគឈឺចាប់ខ្លះសម្លាប់ខ្លួន ស្ដាយភាពសមសួនក្រមុំកេងវ័យ
មិនគួរអត្តរាយក្លាយជាឥតន័យ ប្រុសព្រាណបំភ្លៃគ្នានក្ដីស្រណោះ ។
១៣. បើគិតឲ្យច្បាស់ស្រីនិងណាស់ដែរ បានមកញ៉ែញ៉ែតាំងធ្វើញេះញោះ
អារម្មណ៍វិលវល់លង់ជឿបុរស ជ្រោលជ្រើមលោតផ្លោះស្នេហ៍ខុសតម្រា ។
១៤. ឃើញគេមានលុយនុយម៉ូតូល្អ ដួងចិត្តត្រេកអរភ្លេចគិតពិចារណ៍
ជ្រមុលជ្រមុជក្នុងជុចស្នេហា ក្បត់និងម៉ាក់ប៉ាលាក់ការណ៍បង្វែង ។
១៥. តណ្ហារុករៀនហ៊ានធ្វើផ្លូវខុស លលេងនិងប្រុសឥតមានកោតក្រែង
កៀកកើយផ្ដេកផ្ដិតនេបនិត្យប្រលែង លាក់ម៉ែឪឯងមិនថ្លែងប្រាយប្រាប់ ។
១៦. ស្នេហ៍មិនទំនងឆ្គងប្រពៃណី រង្វេងវក់វីខុសពីក្បួនច្បាប់
លទ្ធផលចុងក្រោយសោយទុក្ខឈឺចាប់ កេរិ៍្តឈ្មោះឱនអាប់ខូចទាំងខ្លួនប្រាណ។
១៧. ស្នេហ៍ភ្លើងចម្បើងឆេវឆាវឆើតឆាយ មិនគិតវែងឆ្ងាយប្រុងប្រៀបប្រាណ
ចាញ់ពាក់គេល្បួងលួងសុំខ្លួនប្រាណ ធ្លាប់ល្អកល្យាណបានត្រឹមខាតបង់ ។
១៨. សូមអស់ក្រមុំកុំយល់ច្រឡំ ត្រូវតែខិតខំគិតកែរតម្រង់
កុំឆាប់ជឿពាក្យប្រុសព្រាណកន្លង់ មុនស្នេហ៍ផ្ចិតផ្ចង់មើលកិរិយា ។
១៩. សូមអស់កម្លោះដែលមានចិត្តព្រាណ គួរឈប់បំពានព្រោះតែតណ្ហា
បើពិតស្រលាញ់ចូលដល់មេបា នោះទើបហៅថាប្រុសទ្រូងប្រាំហាត់។
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ
២០១២
“បទៈ
ក ខ
ពាក្យ៧”
( ក
ខ ខកចិត្ត )
១. កកើតប្រតិពទ្ធិក្នុងចិន្ដា ខ
ខំស្នេហាផ្កាស្រស់នួនល្អង
គ គេងយប់ថ្ងៃស្រមៃបន់ផ្សង ឃ ឃ្មាតខ្មីប៉ងគ្មានពេលល្ហើយល្ហៃ ។
២. ង
ងំក្នុងទ្រូងដោយទុក្ខកង្វល់ ច
ចិត្តខ្វាយខ្វលចង់ថ្នមថ្នមថែ
ឆ ឆោមសម្រស់អូនស្រស់ដូចខែ ជ ជាប់ចិត្តស្នេហ៍តែកែវកល្យាណ ។
៣. ឈ
ឈានជើងដើរចិត្តហើរិះគិត ញ
ញាំងគំនិតគិតដលភូមិផាន
ដ ដែលចិត្តប៉ងគួចផ្សងចង់បាន ឋ ឋិតក្បែប្រាណអូនរៀងរាល់ថ្ងៃ ។
៤. ឌ
ឌឺដៀមដាមពោលពាក្យលេបខាយ ឍ
ធៀបចិត្តកាយស្រស់កែវចរណៃ
ណ ណែនសែនធ្ងន់ចិត្តបងស្មោះក្រៃ ត តូចស្រីថ្លៃបងស្នេហ៍អូនពិត ។
៥. ថ
ថាបើបានប្រាណក្បែរពាលពៅ ទ
ទើបរស់នៅសុខស្រួលជិវិត
ធ ធូរអារម្មណ៍លែងខំរិះគិត ន នៅនេបនិត្យថ្នាក់ថ្នមរក្សា ។
៦. ប
បានតែត្រឹមសង្ឃឹមបន់ផ្សង ផ
ផ្លូវស្នេហ៍ស្នងប្រែឥតខ្លឹមសារ
ព ពិតក្កុកក្អួលអួលឈឺចាប់ផ្សា ភ ភ័ព្វវាសនាចាប់ឲ្យឃ្លាតស្រី ។
៧. ម
មានតែទ្រាំពាំបៀមវិបត្តិ យ
យប់យន់ស្ងាត់នឹកដល់ពិសី
រ រស់ក្រសោបអោបចិត្តភក្ដី ល
លង់ស្នេហ៍ស្រីទាំងគ្រាំគ្រាចិត្ត ។
៨. វ
វង្សត្រកូលបងអ្នកក្រីក្រ ស
ស្រស់ស្រីល្អនាងមិនអាណិត
ហ ហួសហត្ថាស្រវាស្នេហ៍ស្និទ្ទិ ឡ អ ឡើងឥតបានប្រាណអូនក្បែរ។
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ
២០១២
“បទៈ
ពាក្យ៨”
( ស្នេហ៍ខកចិត្ត )
១. ពេលព្រឹកព្រហៀមបងត្រៀមខ្លួនប្រាណ រួចចូលក្នុងឡានអារម្មណ៍ស្រស់ថ្លា
សេចក្ដីបំណងកួចផ្សងប្រាថ្នា លំហែកាយាថ្មរូងល្បាញល្បី ។
២. ម្រាក់ក្លើហោរស្រែកជជែកក្អាកក្អាយ រីករាយសប្បាយឥតកើតទុក្ខអ្វី
ភ្លែកបងលបលួចកួចមើលពិសី វង់ភក្រ្ដប្រិមប្រិយគ្មានក្ដីទាស់ចិត្ត ។
៣. គន់មើលធម្មជាតិព្រៀតតាមអធ្វា ដុះច្រើនហូរហៀរសម្ផស្សដាមដិត
បេះដូងរំភើបស្រើបស្រាលក្នុងចិត្ត ចង់នៅកៀកកិតស្និទ្ធិនិងកាយា ។
៤. លុះដល់រម្មណីជាទីកម្សាន្ត ស្រស់ស្អាតចំណានមានព្រៃព្រឹក្សា
អារម្មណ៍រីករាយខុសពីធម្មតា ផងមិត្តខ្ញៀវខ្ញារចរចារផ្ដស់ផ្ដង ។
៥. ស្ដាប់ស្នូរទឹកហូរឬសូរងំ ទំនួញរៃយំពិរោះកន្លង
បក្សីច្រើនប្លែកស្រែកច្រៀងឆ្លើយឆ្លង សន្ធឹកអឺងកងចងចិត្តកវី ។
៦. សម្លេងទឹកជ្រោះឈ្លោះជាមួយថ្ម រីករាយត្រេកអរទេសចរណ៍មកថ្មី
វារីសក្បុសឆ្លុះឃើញបាតដី ភ្ញៀវទាំងប្រុសស្រីងូតលេងសប្បាយ។
៧. បងនឹងមាសថ្លៃកាន់ដៃគ្នាដើរ អារម្មណ៍ហោះហើរទៅកាន់ទីឆ្ងាយ
ពោលពាក្យសាស័ព្ទបង្អាប់លេបខាយ សើចលេងក្អាកក្អាយចិត្តកាយល្ហើយល្ហែ ។
៨. គន់មើលមច្ឆារនៅក្នុងគង្គារ ហ៊ិចហែលរេរាសាងសង់ក្ដីស្នេហ៍
បុប្ផារីឆ្នើមលើដើមហូរហែរ បងមិនឋិតនៅក្បែរកែវកល្យាណ ។
៩. វាយោបក់កួចលួចក្លិនក្រអូប នាសាបងស្រូបលាក់ទុកក្នុងប្រាណ
បេះដូងឥតថប់សុខស្ងប់ក្សេមក្សាន្ត ត្បិតរូបបងបានក្បែរប្រាណជីវ៉ា ។
១០. សន្ធឹកទឹកហូរឮសូរគគ្រេង ហាក់ដូចផ្គុំភ្លេងក្នុងបព្វតា
រាក់ទាក់សាទរអបអរស្នេហា បងនិងកន្និដ្ឋាស្មោះស្ម័គ្រភក្ដី ។
១១. ពេលដែលមាសស្ងួននួននាងញញឹម ដូចត្បូងទទឹមឱភាសរស្មី
វង់ភ័ក្រក្រឡង់ភូផង់ប្រិមប្រិយ៍ ចងចិត្តកវីមិនឲ្យជិនណាយ ។
១២. កណ្ដាលព្រឹកព្រៃមមៃគយគន់ នេត្រាអូនស្រទន់សម្លឹងទៅឆ្ងាយ
ចង់ស្ទុះទៅឱបក្រសោបរូបកាយ នេបនិត្យឆោមឆាយគូរកំណាន់ចិត្ត ។
១៣. បេះដូងរៀមបងកួចផ្សងរំពឹង សុំថើបប្រលឹងក្រេបរសស្នេហ៍ស្និទ្ធិ
តែក្ដីស្រមៃត្រូវក្ស័យក្រៀមស្វិត អូនមិនអាណិតដល់ចិត្តបងឡើយ ។
១៤. ក្សិណនេះវង់ភ័ក្រធ្លាប់រាក់ទាក់ស្រស់ ប្រែជាក្រៀមក្រោះរងទុក្ខឥតស្បើយ
បងសុំថើបស្ងួននួនធ្វើកន្ដើយ ឱ!
ម្ចាស់ស្នេហ៍អ្ហើយម្ដេចមិនមេត្តា ។
១៥. ដំណក់ទឹកភ្នែកហូរជ្រែកផែថ្ពាល់ ត្បិតពុំដែលស្គាល់សេចក្ដីឈឺចាប់ផ្សា
សោកសៅក្សិកក្សួលអួលណែនឱរ៉ា ស្រក់ទឹកនេត្រាព្រោះស្នេហ៍ខកចិត្ត ។
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ
២០១២
“បទៈ
ពាក្យ៤”
( ទន្សាយកំព្រា )
១. រាត្រីស្ងាត់ឈឹង សញ្ជឹងខ្វល់ខ្វាយ
នឹកដល់ឆោមឆាយ ឆ្ងាយភ័ក្រ្តស្រស់ថ្លា ។
២. ដួងចិត្តក្រៀមក្រំ សម្ងំឯកា
ញាប់ញ័រឱរ៉ា ចិន្ដាគ្រាំគ្រា ។
៣. បងឥតប្រួលប្រែ ស្មោះស្នេហ៍ពុំងារ
លុះដល់ជន្មា ជរាក្សីណក្ស័យ ។
៤. អារម្មណ៍កួចនឹក រលឹករាល់ថ្ងៃ
ស្រមើលស្រមៃ ឃើញថ្លៃនៅក្បែរ ។
៥. បំណងប្រាថ្នា ចិន្ដាគ្មានល្ហែ
ចង់ថ្នាក់ថ្នមថែ សិទ្ធិស្នេហ៍ភក្ដី ។
៦. បេះដូងស្មគ្រពិត លួចគិតដល់ស្រី
តែខ្លួនក្រក្រី គ្មានអ្វីទីពឹង ។
៧. ទន្សាយកំព្រា មេឃាល្វើយល្វឹង
ស្នេហ៍ច័ន្ទព្រលឹង សញ្ជឹងសោកា ។
៨. ចិត្តបងខ្វាយខ្វល់ ផ្ដាំខ្យល់ផ្ញើសារ
អោយជួយប្រាប់ថា រៀមរ៉ានឹកណាស់ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ
២០១២
“បទៈ
ក ខ
ពាក្យ៧”
( ក
ខ កួចស្នេហ៍ )
១. ក
កត់ចំណាំចាំភ័ក្រ្ដស្ងួន ខ
ខូចសមសួនទាក់ចិន្ដា
គ គយគន់សព្វដងកាយា ឃ ឃើញជីវ៉ាស្រស់ថ្លាថ្លៃ ។
២. ង
ងប់ស្រលាញ់ចាញ់ស្នេហ៍ពៅ ច
ចិត្តចាំនៅរៀងរាល់ថ្ងៃ
ឆ ឆ្កួតអារម្មណ៍ខំស្រមៃ ជ ជាប់និស្ស័យនិងកាព្យា ។
៣. ឈ
ឈ្លក់វង្វែងនិងអូនមួយ ញ
ញឹញលាយព្រួយខ្លាចមិនបាន
ដ ដួងចិត្តបងឥតរសាយ ត
តែងខ្វល់ខ្វាយព្រួយសៅហ្មង ។
៤. ឌ
ឌុកដាន់អោយយចូលស្ដី ឍ
ធន់ទ្រព្យក្ដីលក់គ្មានស្ដាយ
ណណៃក្នុងចិត្តឥតរសាយ ត តែងខ្វល់ខ្វាយព្រួសៅហ្មង ។
៥. ថ
ថាបើអូនមិនគេចកែ ទ
ទួលព្រមស្នេហ៍យករូបបង
ធ ធូរអារម្មណ៍លែងសៅហ្មង ន នែ! នួនល្អងបងអរពិត ។
៦. ប
បេះដូងបងជូនដល់អូន ផ
ផ្សងលុះសូន្យក្បែរវរមិត្ត
ព ពុំក្បត់ឡើយមួយជីវិត ភ ភ័យព្រួយគិតថែជីវ៉ា ។
៧. ម
មិនធ្វើបាបអោយវេទនា យ
យើងរួមគ្នាសាងគ្រួសារ
រ រស់ស្មោះស្ម័គ្រលុះមរណា ល យេលោការួមស្នេហ៍ស្នង ។
៨. វ
វ័យអូនក្មេងប្រុសតែងតាម ស
ហ សូមហាមលួចក្បត់បង
ឡឡើងខ្ពង់ខ្ពស់រស់ខុសផង អ អស់សៅហ្មងគូរស្នេហ៍យើង ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ
២០១៣
“បទៈ
ពាក្យ៧”
( ខ្លាច )
១. ចិត្តខ្ញុំរញ្ជួយព្រួយខ្វល់ខ្វាយ ឥតមានរសាយរៀងរាល់ថ្ងៃ
ពាក្យថាខ្លាចលេចឡើងច្រើនក្រៃ អារម្មណ៍ស្រមៃត្រិះរិះគិត ។
២. ខ្លាចមេឃចិត្តល្អៀងភ្លៀងរើសដី ខ្លាចជនប្រុសស្រីរសខ្វះសិទ្ធិ
ខ្លាចជាតិខ្មែរប្រែជាងងឹត យុត្តិធម៌អស់ឬទ្ធិបាត់សូរ្យសែង ។
៣. ខ្លាចសុខស្ងប់ត្រឡប់ជាទុក្ខ ខ្លាចទៅថ្ងៃមុខកើតទុក្ខចម្បែង
ខ្លាចកូនខ្មែរឈ្លោះតែគ្នាឯង ឥតមានកោតក្រែងខេងឬស្យា ។
៤. ខ្លាចក្មេងកើតក្រោយខ្សោយរបៀន មិនប្រឹងសូត្ររៀនញៀនស្នេហា
វក់នឹងសប្បាយខ្លាយអន្ធការ ពាណបាតផ្សារស្លាប់ទាំងរស់ ។
៥. ខ្លាចអ្នកធំជិះជាន់អ្នកតូច ប្រើល្បិចខិលខូចអាងសក្កិយស
ខ្លាចជនមិនល្អបង្កគ្រោះ អោយស្អុយកេរិ៍្តឈ្មោះជាតិខេមរៈ ។
៦. ខ្លាចសង្គមនិយមក្រុមពួក ខ្លាចជនដែលឈ្លក់វក់កាប់ចាក់
ខ្លាចច្បាប់យ៉ាប់ចាញ់អំណាចប្រាក់ ខ្លាចកូនខ្មែរខ្វាក់ទាំងភ្នែកភ្លឺ ។
៧. ខ្លាចព្រះច័ន្ទស្អប់ពសុធា ខ្លាចកម្ពុជាធ្លាក់ខ្លួនឈឺ
ខ្លាចហៅយុត្ដិធម៌លែងឮ ខ្លាចជាតិគេឌឺមើលងាយខ្មែរ ។
៨. ខ្លាចសម្លេងដែលតែងស្រែកយំ ខ្លាចសង្គមសង្ងំទុក្ខឥតល្ហែ
ខ្លាចល្បិចបោកប្រាស់ក្រឡះប្រែ ខ្លាចជនដែលស្នេហ៍តែដុល្លា ។
៩. ខ្លាចមនុស្សសប្បាយក្លាយភ្លេចគិត ប្រឹងជ្រើមប្រព្រិត្តិឥតពិចារណ៍
វង្វេងវល់វក់ឈ្លក់ស្រីស្រា ភ្លេចជាតិសាសនាដ៏ថ្លាថ្លៃ ។
១០. ខ្លាចសូន្យសោះអស់រុក្ខជាតិ ខ្លាចត្រីព្រោយព្រាតឃ្លាតជលស័យ
ខ្លាចទឹងភ្នែកហូរជ្រែករាល់ថ្ងៃ ខ្លាចភាពព្រៃផ្សៃនៃសត្រូវ ។
១១. ខ្លាចបាត់បងជាតិឃ្លាតទឹកដី ខ្លាចជនប្រុសស្រីដើរខុសផ្លូវ
ខ្លាចរឿងរាវកើតរាល់រដូវ ខ្លាចច្រើនពេកកូវជាប់ចិត្តខ្ញុំ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ
២០១៣
“បទៈ
ពាក្យ៧”
( បានត្រឹមស្រលាញ់ )
១. រាត្រីខាងខ្នើតច័ន្ទអើតអង្គ វងើភ័ក្រផូរផង់ត្រង់វេហា៍
ចាំងចំកវីដែឡឯកា ព្រោះរឿងស្នេហាខកបំណង ។
២. វេលាយប់ជ្រៅនៅឱបទុក្ខ ក្រៀមក្រំទឹកមុខព្រួយសៅហ្មង
បេះដូបព្រួចព្រឺឈឺកន្លង នឹកដល់នួនល្អងធ្លាប់ប៉ងស្នេហ៍ ។
៣. វាយោត្រជាក់ធ្លាក់លួនលោម ដួងចិត្តទ្រុឌទ្រោមយំគ្នានល្ហែ
បង្ឃឹមបានប្រាណអូនក្បែរ តាមពិតប្រួលប្រែបែរខុសឆ្ងាយ ។ ៤. ខំដាក់ចិត្តស្មោះអស់គ្មានសល់ តែកម្មកាច់ផ្ដល់ផលអន្តរាយ
អោយបងឃ្លាតពៅនៅនឹកស្តាយ ក្សិកខ្សួលបោកកាយក្លាយឈឺផ្សារ ។
៥. សុបិន្តស្នេហ៍កើតមានតែម្ខាង បងឥតសំណាងបានបុប្ផា
បានត្រឹមក្រំក្រៀមបៀមទុក្ខា ហូរទឹកនេត្រាស្រោចផែនដី ។ ៦. ក្ដីស្រលាញ់ចាញ់កម្មលិខិត តាក់តែងកម្រិតឥតប្រណី
រស់ក្នុងជីវិតពិតព្រាត់ស្រី បេះដូងភក្ដីត្រូវកំព្រា ។
៧. គន់មើលច័ន្ទល្អចរទីខ្ពស់ នៅដាច់ឆ្ងាយហួសពីពសុធា
ប្រៀបដូចរូបបងឆ្ងាយពុំងារ បេះដូងគ្រាំគ្រាវេទនាក្រៃ ។
៨. កម្លោះអភ័ព្វធ្លាប់សុបិន្ត ថាបានក្រិបក្លិនថ្នមផ្កាថ្លៃ
ថើបក្រសោបឱបរឹតក្នុងដៃ ពេលនេះក្សីណក្ស័យក្ដីស្នេហ៍ហើយ។ ៩. បងស្នេហ៍មាសមុំធំធេងពិត តែអូនមិនគិតធ្វើកន្កើយ
មិនព្រមស្រលាញ់បងវិញឡើយ បងរស់គ្មានស្បើយទុក្ខកប់ជ្រៅ ។
១០. ទឹកភ្នែកឈឺចាប់ហូរប្រាប់ចិត្ត អោយឈប់ស្នេហ៍ស្និទ្ធិអូនទៀតទៅ
តែដួងចិត្តរឹងប្រឹងនិត្យនៅ នឹងដល់ពាលពៅសព្វៗកាល ។
១១. សង្ឃឹមវេលាជាឱសថ សាកសិទ្ធិបំផុតជួយព្រាបាល
អោយជម្ងឺស្នេហ៍ប្រែធូរស្រាល លែងក្ដៅហេលហាលស្រាលទុក្ខ ។
១២. ក្ដីបំណងមិនបានសម្រេច ទោះខំប្តូរប្ដេចស្មោះយ៉ាងណា
មានតែនិស្ស័យគ្មានវាសនា ដឹងខ្លួនឯងថាបានត្រឹមស្នេហ៍ ៕ និពន្ធដោយ៖
ផន
ផានឿន
“បទៈ
អក្សរលូន ពាក្យ៧”
( ពស់ )
១. ពួកពស់ពិសពល់ពើងពានពារ រីរើករៀនរៀវាសវាងវៃ
លាចលូនលាក់លាមលកលៃ មៀងមើលមមៃមាំមួនមាឌ ។
២. ចរចឹកចំចុកចាប់ចែងចាយ សាចសព្វសុះសាយស៊ីស៊កសៀត
ជ្រុងជ្រោយជ្រោលជ្រួតជ្រាបជៀត ជក់ជាប់ជោកជាតិជួនជាក់ជា ។
៣. រស់រងរីងរៃរោគរួតរុំ ហែកហួរហូតហុំហែរហូរហៀរ
គ្រុនគ្រោះគ្រោធគ្រៀតគ្រៀមគ្រាំគ្រា ពិសពល់ពានពារពិតពេកពន់ ។
៤. កាន់កបកៀកកើយកាយកុំកូន សាកសឹងសប់សូន្យសែនស៊យស៊ុន
មោះមុតមមៃមើលមើលមុន គួរគាប់គយគន់គិតគូគេច ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ
២០១៤
“បទៈ
ជាប់ទងពាក្យ៩”
( មូសខ្លា )
១. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតឈាមគេ
ស្វែងហោះហើយ ដើររំពៃ លៃរិះរេ
គ្មានទំនេរ គ្នេរគ្នន់ឆក់ ឆក់ឱកាស ។
២. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតរហ័ស
តែភ្លេចខ្លួន ពួនសូចទុំ ជុំនាញច្បាស់
ខាំឈឺណាស់ បះគូទស្ដឺត បឺតយ៉ាងស្ងាម ។
៣. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតយ៉ាងស្ងាម
ផ្ដល់មកឲ្យ ដោយជំងឺ ឈឺគ្រុនឈាម
ក្ដៅក្រំគ្រៀម បៀមជាប់ខ្លួន ជួនក្សីណក្ស័យ ។
៤. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតឆ្ងាញ់ក្រៃ
សែនសកម្ម ខាំមិនឈប់ យប់និងថ្ងៃ
សត្វចង្រៃ ក្រៃធុញថប់ ស្អប់ពួកវា ។
៥. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតមិនរា
យើងប្រយ័ត្ន ចាត់ប្រុងប្រៀប រៀបការពារ
កុំអោយវា ជាសត្រូវ នៅបឺតទៀត ។
៦. សត្វមូសខ្លា សាហាវខ្លាំង ច្បាំងនិងមនុស្ស
ស៊ីហើយជុះ ស្ទុះស្ទាស្តឺត បឺតយកជាតិ
ជួនជារេ គេទះផាច់ អាច់បែកព្រាត
អស់ល្បិចស្នៀត ឃ្លាតទៅឆ្ងាយ កាយក្សីណក្ស័យ ៕
និពន្ធដោយ៖
ផន
ផានឿន
“បទៈ...........”
( ស្ដាយព្រៃឈើ )
១. ស្តាយព្រៃឈើនឹកឃើញព្រៃស្តាយ បាត់បង់ខ្ចាត់ខ្ចាយក្លាយបង់បាត់
កាត់គាស់រាល់ថ្ងៃប្រឹងគាស់កាត់ អស់ជំរកសត្វរស់ជំអស់ ។
២. ស្រុកខ្មែរប្រែមានទុក្ខស្រុកខ្មែរ ក្រោះក្រៀមគ្មានល្ហែរាំងក្រៀមក្រោះ
ខ្សោះខ្សោយរុក្ខជាតិធ្លាក់ខ្សោយខ្សោះ ពិតមែនស្ទើរអស់សូន្យមែនពិត ។
៣. ងប់ងុលនិងលុយស្នេហ៍ងុលងប់ គិតគួរងាកឈប់ឥតគួរគិត
រឹតរួមបំផ្លាញយ៉ាងរួមរឹត លាក់លួចឃុបឃិតធ្វើលួចលាក់ ។
៤. ទៅមុខយ៉ាងណាថ្ងៃមុខទៅ ធ្លាក់ផុងជ្រោះជ្រៅខ្មែរផុងធ្លាក់
អ្នកណាសាងគួរគិតណាអ្នក ព្រួយភ័យកើតជាក់សែនភ័យព្រួយ ។
៥. ស្នេហ៍ស្និទ្ធិដោតដាំត្រូវស្និទ្ធិស្នេហ៍ ជួយលៃមើលថែខំលៃជួយ
ស្ទួយលើកស្រុកខ្មែររួមលើកស្ទួយ សាន្តសុខផុតព្រួយនិងសុខសាន្ត ៕
និពន្ធដោយ៖ ផន ផានឿន
ភ្នំពេញ, ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ
២០១៤
“បទៈនមោ”
( ........... )
១. ន
នែរកូនខ្មែរទាំងអស់គ្នា មោ
មកសាមគ្គាប្រឹងក្រោកឈរ
ពុ ពូជពង្សខ្មែរសាងអង្គរ ទ្ធា
ធ្លាប់ខ្ទារខ្ទារខ្ទរល្បីអស្ចារ្យ ។
២. យ
យើងទំពាំងស្នងឬស្សី សិ
សូបឃ្មាតខ្មីខំសិក្សា
ទ្ធំ ធន់អត់ទ្រាំមាំចិន្ដា អ
អោយឧស្សាហ៍កុំទម្រន់ ។
៣. អា
អានរៀនច្រើនទើបចាំចេះ ឥ
ឥតចំណេះនាំទុក្ខធ្ងន់
ឦ
អស់កូនខ្មែរប្រឹងរែកពន់ ឧ
ឱនទន់ភ្លន់រៀបឬកពារ ។
៤. ឩ
អង់អាចឡើយរួមថែកេរ ឪ
អោយស្ថិតស្ថេរបានយូរយារ
ឬ រីករាយចេះមើលថែគ្នា ឫ រឹងការពារជាតិសាសនា ។
៥. ឮ
លើកស្ទួយជួយរៀបចាត់ចែង ឭ
លៃខ្នះខ្នែងគ្រប់រូបា
ឯ ឯកចិត្តឥតប្រែប្រេឆា ឱ អោយស្នេហាញ្ញាតិគ្រប់ប្រាណ ។
៦. ឱ
ឱបពួតដៃរួបញញឹម អុំអើ!
សង្ឃឹមចិត្តក្លាហាន
អំ អង់់អាចសាងជាតិគ្រប់ប្រាណ អះ អោយថ្កើងថ្កានល្បីរន្ទឺរ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ
២០១៤
“បទៈពាក្យ
៧”
( សុបិនចម្លែក )
១. ព្រះច័ន្ទចេញចរចាកពពក រះមមៀងមើលដែនលោកា
រស្មីបាចផាត់បាត់អន្ធកា ក្រោមផ្ទៃវេហាស៍ស្រស់ថ្លាពិត ។
២. ប្រជាវហើរដើររកចំណី តុងស្បៃរាត្រីផ្ទៃងងឹត
ខ្យល់បក់មកលួងសោមជីវិត ក្រោមផ្ទៃងងឹតគិតវែងឆ្ងាយ ។
៣. មើលមេឃដេកលេងគេងកល់ប្រាណ ចិត្តឥតស្រាកស្រាន្តព្រួយខ្វល់ខ្វាយ
លង់លក់មួយភាំងទាំងនឿងណាយ តែចិត្តសប្បាយសុបិនល្អ ។
៤. សុបិនចម្លែកប្លែកភ្នែកណាស់ បានឃើញជាក់ច្បាស់មនុស្សនិករ
រស់នៅស្រណុកសុខបវរ ឆោមស្រស់ឈូឆឆើតសោភា ។
៥. តូចធំជួបចេះយល់ចិត្ត អាណោចអាណិតឥតពាធា
មិនជិះជាន់ឈ្លីស៊ីលើគ្នា ក្រមានសាមត្តាជាធម្មតា ។
៦. ស្រុកទេសចម្រើនកើនគួរគាប់ សម្បូណ៍ធនទ្រព្យគ្រប់គ្រួសារ
ទេសភាពព្រឹក្សព្រៃដីខេមរា ឥតមានអ្នកណាបំផ្លាញ់ឡើយ ។
៧. អ្នកក្រអ្នកមានរៀនបានខ្ពស់ សព្វមនុស្សរួមរស់សុខល្ហែល្ហើយ
ប្រុសស្រីស្ម័គ្រស្មោះដល់គ្រោះត្រើយ ពោលពាក្យឆ្លងកាត់កាន់សច្ចះ ។
៨. យុត្តិធម៌មានពិតឥតក្លែងក្លាយ មនុស្សរស់សប្បាយតាមវណ្ណះ
ខុសត្រូវតិចទួចមិនថ្នាំងថ្នាក់ យកចិត្តទុកដាក់ចេះជួយជាតិ ។
៩. គុណធម៌ល្អគាប់ជាប់ក្នុងចិត្ត ព្រព្រឹត្តសុចរិតឥតមានស្នៀត
វប្បធម៌និងប្រពៃណីជាតិ ធួនថែខ្មិឃ្មាតឆ្លៀតរក្សា ។
១០. កំពុងលង់លក់វក់យល់សប់ មិនទាន់ស្គាល់ស្គប់ក្នុងចិន្ដា
ស្រាប់តែភ្ញាក់ភ្រើតអើតកាយា មីងមាំងស្រវ៉ាមើលនាយអាយ ។
១១. សុបិនហួសទៅនៅចម្បែង អង្គុយម្នាក់ឯងញើសជោគកាយ
ក្រោមស្បៃងងឹតគិតវែងឆ្ងាយ នឹកឡើយសោកស្តាយសុបិនណាស់។
១២. ប្រៀបធៀបសុបិននិងរឿងពិត ឃើញថាជិវិតខុសគ្នាច្បាស់
សព្វថ្ងៃមនុស្សរស់ទុកក្រែលក្រាស់ ធ្វើរឿងផ្ដេសផ្ដាស់ខ្វះគុណធម៌ ។
១៣. មនុស្សជិះជាន់គ្នាដូជតិរច្ឆាន ឃោឃៅសាមាន្យពោលលាបពណ៌
កើតពុករលួយរស់ព្រួយញាប់ញ័រ ហាក់គ្មានយុត្តិធម៌សម្រាប់អ្នកតូច ៕
“បទៈជាប់ទងពាក្យ
៩”
( សម័យថ្មីស្រីនិងប្រុស )
១. សម័យថ្មី ស្រីនឹងប្រុស ស្រុសគ្នាណាស់
ជ្រើមឡេសឡះ ច្រាស់ច្រាល់ស្ទាវ ស្ទៀវសប្បាយ
មិនប្រឹងរៀន ញៀនស្នេហ៍ស្និទ្ធិ ចិត្តឡូយឆាយ
វក់ខ្វល់ខ្វាយ ក្លាយខូចឈ្មោះ ព្រោះស្នេហា ។
២. សម័យថ្មី ស្រីនឹងប្រុស ស្រុសគ្នាក្រៃ
ទាំងយប់ថ្ងៃ ឆ្នៃគំនិត គិតហឺហា
ប្រឹងរងើម ជ្រើមឡឹបឡំ ចំអស្ចារ្យ
ប្រាក់ដុល្លា ផ្សារជាប់ចិត្ត ឆ្អិតនិងខួរ ។
៣. សម័យថ្មី ស្រីនឹងប្រុស ស្រុសខែងរែង
គិតស្ទាត់ស្វែង ក្លែងលាបពណ៌ ញ័រសួនតួ
ភ្លេចជាតិសាសន៍ ផ្លាស់គំនិត គិតមិនគួរ
ឈ្លោះហែកហួ អួរអាប់ពស់ វល់ចិន្ដា ។
៤. សម័យថ្មី ស្រីនឹងប្រុស ស្រុសពេកពន់
ចិត្តលោកលន់ ជន់ចំណង់ ចង់អស្ចារ្យ
សុទ្ធតែខ្លាំង ច្បាំងទឹកលុយ នុយលោកា
ច្បាប់តម្រា ផ្សាងងឹត ពិតចាញ់ប្រាក់ ។
៥. សម័យថ្មី ស្រីនឹងប្រុស ស្រុសឡប់ឡែ
ល្បិចគេចកែ ប្រែមាយាទ ឆ្លៀតកាប់ចាក់
ភ្លេចវប្បធម៌ ញ័រក្នុងចិត្ត ឆ្អិតប្រឡាក់
ស្រេកឃ្លានប្រាក់ ដាក់ទន់ទេរ រេខុសក្បួន ។
៦. សម័យថ្មី ស្រីនឹងប្រុស ស្រុសគំនិត
នាំគ្នាគិតខ្ពស់ យិតស្រើបស្រាវ ស្ទាវអួតខ្លួន
វាយឬកខ្ពស់ ហួសបែបបទ អត់សមសួន
កើតគំគួន ខ្លួនចង់ខ្លាំង ច្បាំងសាច់ញ្ញាតិ ។
៧. សម័យថ្មី ស្រីនិងប្រុស ស្រុសគ្នាល្អ
ជ្រើមឈូឆ បវរស្រស់ ផ្លោះហួសមាឌ
គិតតែអញ ឆ្ងាញ់វក់វី ស៊ីឈាមជាតិ
ខំខ្មីឃ្មាត ឆ្លៀតធ្វើជា មារសាសន៍ឯង ។
៨. សម័យថ្មី ស្រីនឹងប្រុស ស្រុសផឹកស្រា
វក់ចិន្ដា ស្រានាំញៀន ហ៊ានភ្លេចក្រែង
កើតជាគ្រោះ រស់លាយស្លាប់ យ៉ាប់ហួសថ្លែង
ស្រាតាក់តែង ចែកឲ្យចិត្ត ឥតសុខស្ងប់ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ១០ ខែ សីហា ឆ្នាំ
២០១២
“បទៈ
ពាក្យ ៧”
( បុប្ផារាត្រី )
១. ផ្ការីករហង់ត្រង់ហូរហែរ ពង្រាយមន្តស្នេហ៍ទាក់នេត្រា
ចោលស្នាមញញឹមលួងចិន្ដា បើស្និទ្ធិស្នេហាអាចថ្នមបី ។
២. ផ្កាពិសិដ្ឋបិតក្រោមភ្លើងពណ៌ អារម្មណ៍ស្រើបញ័រពេលរាត្រី
ស្លៀកពាក់ផិតផើយចេញសាច់ខ្ចី រង់ភ័ក្រ្តប្រិមប្រិយសក់ហាឡាយ ។
៣. អង្គុយជាជួរគួរគយគន់ ឬកពាទន់ភ្លន់បន្ទាន់កាយ
ចោលក្លិនពិដោក្រអូបសាយ កន្លង់ទាំងឡាយចោមរោមជិត ។
៤. ផ្កាលះបង់ខ្លួនព្រោះប្រាក់កាស បាត់ភាពអៀនខ្មាស់និងញ្ញាតិមិត្ត
ខូចអស់កេរិ៍្តឈ្មោះគ្រោះជីវិត រាគៈរួមរឹតជីវិតផកា ។
៥. កន្លង់ក្រេនហើយហើរចោលទៅ បន្សល់ទុកនៅប្រាក់ដុល្លា
គេមិនអាណិតជិវិតផ្កា ថ្ងៃមុខយ៉ាងណាផ្កាឆើតឆាយ ។
៦. ផ្កាធ្វើយ៉ាងនេះព្រោះទាល់ក្រ ឬមួយផ្កាល្អចង់សប្បាយ
ស្រើបស្រាវតម្រេកមិនខ្វល់ខ្វាយ គិតដល់រូបកាយដែលក្មេងវ័យ ។
៧. បុប្ផារាត្រីស្រីសែនស្រស់ តែបាត់បង់កេរិ៍្តប្រពៃ
គេក្រេបហើយចោលហាក់គ្មានន័យ ឱ! ផ្កាក្មេងវ័យសែនអភ័ព្វ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ
២០១៣
“បទៈ
ពាក្យ ៩”
( ស្រែមួយថ្នាល )
១. មើលឃើញស្រែមួយព្រួយក្នុងចិត្ត ស្រណោះអាណិតសំណាបខ្ចី
ត្រូវស្មៅរួមរឹតគ្មានប្រណី ប្រឹងលូតឃ្មាតខ្មីគ្រាំគ្រាប្រាណ ។
២. ស្មៅលាស់បែកកុម្ភរំសំណាប អោយដួលដេកដាបឥតស្រាក់ស្រាន្ត
យប់ថ្ងៃកើតទុក្ខខ្វះសុខសាន្ត រស់ទាំងតឹងតានប្រាណស្ទើរក្ស័យ ។
៣. ហេតុអ្វីម្ចាស់ស្រែប្រែមិនខ្វល់ អាណិតគិតដល់សំណាបថ្លៃ
អោយស្មៅរួមរឹតតាមប្រល័យ ទាំងយប់ទាំងថ្ងៃគួស្រណោះ ។
៤. ស្មោះដុះដាលច្រើនចម្រើនគាប់ សំណាបចាប់ងាប់ស្វិតក្រៀមក្រោះ
ម្ចាស់ស្រែមិនខ្វល់គិតដល់សោះ ឱ! សែនស្រណោះសំណាបណាស់៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ
២០១៣
“បទៈ គោព័ទ្ធស្ទឹង
បែបកាកគតិ”
( គួរនឹកគុណម៉ែ )
១. ឱសឱ!
អ្នកម៉ែ ម៉ែខំមើលថែ ថេបុត្រមាសថ្លៃ
ថ្លៃថ្លាណាស់គុណ គុណធ្ងន់ពេកក្រៃ ក្រៃលែងគួរឆ្នៃ
ឆ្នៃតបគាត់ពិត ។
២. ពិតយើងបានដឹង ដឹងហើយខំប្រឹង ប្រឹងប្រែងរិះគិត
គិតគូរលកលៃ លៃនៅកៀកជិត ជិតក្បែរនេបនិត្យ
និត្យមើលអ្នកម្ដាយ ។
៣. ម្ដាយគឺជាគឺជាព្រះ ព្រះនៅក្នុងផ្ទះ ផ្ទះកូនគ្រប់កាយ
កាយហើយនិងចិត្ត ចិត្តត្រូវសប្បាយ បាយទឹកថ្វាត់ថ្វាយ
ថ្វាយជូនដល់គាត់ ។
៤. គាន់ជាគ្រូដើម ដើមឡើយឆ្នាស់ឆ្នើម ឆ្នើមជនាញស្ទាត់
ស្ទាត់ប្រឹងប្រៀតបុត្រ បុត្រចេះធំធាត់ ធាន់ធំកុំភ្លាត់
ភ្លាត់ភ្លេចគុណម៉ែ ។
៥. ម៉ែផ្សងនិងគ្រោះ គ្រោះកាលពពោះ ពោះធ្ងន់ច្រើនស្រែ
ខែបុត្រចាក់ផ្ទៃ ផ្ទៃម្ដាយឥតល្ហែ ល្ហែល្ហើយពេលម៉ែ
ម៉ែឃើញបុត្រខ្លួន ។
៦. ខ្លួនកូនត្រូវចាំ ចាំពាក្យព្រះផ្ដាំ ផ្ដាំថាបុត្រស្ងួន
ស្ងួនគួរតែកុំ កុំលួចគំគួន គួនគំបំពួន
ពួនស្អប់អ្នកម្ដាយ ។
៧. ម្ដាយតែងនឹកខ្វល់ ខ្វល់រិះគិតដល់ ដល់កូនគ្រប់កាយ
កាយទោះឃ្លាងឃ្លាត ឃ្លាតទៅទីឆ្ងាយ ឆ្ងាយក៏ចិត្តម្ដាយ
ម្ដាយមិនភ្លេចកូន ៕
និពន្ធដោយ៖
ផន
ផានឿន
“បទៈ
ក្របចក្រវាឡ”
( យើងជាខ្មែរ )
១. យើងជាខ្មែរត្រូថែរជាតិយើង ចិត្តជាសត្វឈ្លើងគួរកែចិត្ត
ស្ថិតស្នេហាជាតិដោយស្មោះសិទ្ធិ ពាលទុចរិតកុំធ្វើពាល ។
២. ឈ្មោះជាតិសាសន៍ឯងគួរឈប់ឈ្មោះ រាលដាលជម្លោះក្ដៅរោលរាល
ដៀលមើលងាយគ្នាសមឈប់ដៀល ខ្លះចិត្តជាពាលគួរកែខ្លះ ។
៣. គ្នេររូបរួមគ្នាត្រូវគ្នាន់គ្នេរ ខ្មាស់រស់ជាតិគេគួរចេះខ្មាស់
ផ្សាះផ្សាំសមគ្គីត្រូវតែផ្សះ ខំប្រឹងឲ្យណាស់ត្រូវខិតខំ ។
៤. ថែកេរជាតិយើងត្រូវជួយថែ ធំជាកូនខ្មែរធ្វើចិត្តអោយចំ
សមស្ដាប់តម្លៃទើបសាកសម ឆបោកបន្លំគួរកុំឆ ។
៥. រស់មានគុណធម៌ទើបហៅរស ល្អដល់កេរិ៍្តឈ្មោះរស់សុខល្អ
ក្រចិត្តសន្ដានទើបហៅក្រ មានចិត្តស្មោះសទើបហៅមាន ។
៦. ចេះមកពីរៀនខំរៀនចេះ រៀនយកចំណេះត្រូវខំរៀន
ញៀនល្បែងស្រីស្រាគួរឈប់ញៀន ថ្នាំម៉ាអាភៀនកុំសេពថ្នាំ ។
៧. គុណពុកម្ដាយធ្ងន់គួរតបគុណ កម្មដាក់ទារុណព្រោះធ្វើកម្ម
ដាំស្វាយដុះស្វាយតាមយើងដាំ ចាស់បុរាណផ្ដាំគួរជឿចាស់ ។
៨. គិតមុនគូរកុំគូរមុនគិត ច្បាស់លាស់ក្នុងចិត្តគិតឲ្យច្បាស់
ខ្មាស់អំពើបាបគួរតែខ្មាស់ ចិត្តគិតផ្ដេសផ្ដាស់គួរកែចិត្ត ។
៩. ពានពារពើតពើងកុំបំពាន ក្រិតក្រមទូន្មានគោរពក្រិត
ស្និទ្ធិស្នេហ៍មេត្តាចេះស្នេហ៍សិទ្ធិ សាងសុចិតត្រូវខំសាង ។
១០. រស់ជាមនុស្សឲ្យពេលជារស់ អាងបៀនប្រៀនឈ្មោះគួរកំអាង
កាងពាលាកុំធ្វើជើងកាង ល្ងើល្ងើក្អេងក្អាងកុំល្ងីល្ងើ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ
២០១២
“បទៈ
ក្របចក្រវាឡ”
( យើងជាខ្មែរ )
១. ស្រីសម័យថ្មី ឆើតឆាយស្លៀកខ្លី ហិចហើរហឺហា
ធ្វើឬកបែបស្ទាវ ស្រើបស្រៀវចិន្ដា ប្រួលប្រែសារ៉ា
ស្នេហាមិនស្មោះ ។
២. ស្រីសម័យថ្មី ធំឡើងដឹងក្ដី ប្រឹងព្រើលលោតផ្លោះ
ដើរលេងសប្បាយ ស៊ីចាយស្រស់ៗ ឆ្កួតស្ទើរទាំងអស់
ធ្វើតាមសាសន៍យគេ ។
៣. ស្រីសម័យថ្មី វង់ភ័ក្រ្តប្រិមប្រិយ៍ សាច់ខ្ចីម្លះទេ
តែស្អប់ដួងចិត្ត ឧកក្រិដ្ឋងាករេ ចង់ថ្នមបំពេរ
ខ្លាចក្រែងគ្រាំគ្រា ។
៤. ស្រីសម័យថ្មី បេះដូងអប្រិយ ស្ដីស្ដែងមាឃា
បើសិនមានប្រាក់ ត្របាក់មិនរា ប្រៀមផ្លែផ្លែល្វា
ល្អតែខាងក្រៅ ។
៥. ស្រីសម័យថ្មី គ្មានតាមប្រពៃ ចិត្តហ៊ានឆើតឆៅ
ច្រើនតែចោលល្អ យកសធ្វើខ្មៅ ពុកម្ដាយប្រដៅ
មិនសូវប្រឹងស្ដាប់ ។
៦. ស្រីសម័យថ្មី វក់ស្មារតី ប្រួលប្រែក្រឡាប់
ហ៊ិចហើរជ្រួលជ្រើម រងើមខុសច្បាប់ កេរិ៍្តឈ្មោះឱនអាប់
អ្នកផងមើលងាយ ។
៧. ស្រីសម័យថ្មី គ្នានចិត្តភក្ដី ខ្លួនប្រាណរាយមាយ
ធ្វើតាមតែចិត្ត ផ្ដេកផ្ដិតទន់ជ្រាយ ប្រុសរាប់សម្ពាយ
ក៏មិនឆ្អែតដែរ ។
៨. ស្រីសម័យថ្មី ភ្លេចអស់អ្វីៗ ជារបស់ខ្មែរ
មានច្រើនរូបា មិនថាក្រុងស្រែ បូរផ្លាស់ប្រួលប្រែ
កែរអស់មាយាទ ។
៩. ស្រីសម័យថ្មី យង់ឃ្លងអប្រិយ ដាក់ស្នូលមានស្នៀត
បានថ្មីចោលចាស់ ប្តូរផ្លាស់យកទៀត ប្រហាពិឃាទ
ឲ្យប្រុសឈឺផ្សា ។
១០. ស្រីសម័យថ្មី ខ្លះនៅក្មេងខ្ចី មិនប្រឹងសិក្សា
ច្រើនធ្វើតាមត្រេត ស្រៀបស្រកកាមា ណាត់ជួបសង្សារ
ដើរលេងកម្សាន្ត ។
១១. ស្រីសម័យថ្មី ទោះតូចធំក្ដី សុទ្ធចិត្តក្លាហាន
ដើរលេងសប្បាយ មិនស្ដាយខ្លួនប្រាណ ធ្លាប់ល្អកល្យាន
បានត្រឹមអាស្រូវ ។
១២. ស្រីសម័យថ្មី មិនគិតវែងខ្លី ជ្រើមដើរខុសផ្លូវ
ពុកម៉ែប្រដៅ មូមៅញ៉ាំញាវ យកខុសធ្វើត្រូវ
មិនត្រាប់ពាក្យល្អ ។
១៣. ស្រីសម័យថ្មី មិនសូវខ្មាតខ្មី ច្រើនដើរឡែឡ
ចិត្តឥតអៀនខ្មាស់ បោកប្រាស់ឆូវឆ ស្ដីស្ដែងថ្លែងស
ល្អតែមាត់ក្រៅ ។
១៤. ស្រីសម័យថ្មី ភ្លេចប្រពៃណី ចោលយកខ្មៅ
ស្លៀកពាក់លិចលៀន ញ៉ោមញៀនក្រៀមម្សៅ មិនខ្លាចរណ្ដៅ
ប្រឹងដើរសប្បាយ ។
១៥. ស្រីសម័យថ្មី ច្រើនចង់បានប្ដី មិនគិតវែងឆ្ងាយ
ធ្វើតាមចិត្តឯង មិនក្រែងពុកម្ដាយ បូកពារឡូយឆាយ
ស្នេហាលួចលាក់ ។
១៦. ស្រីសម័យថ្មី ច្រើនចង់ធ្វើអ្វី មិនគិតជ្រៅរាក់
ប្រុសប្រើទឹកលុយ ជានុយអន្ទាក់ ស្រីខ្លះជាប់ធ្នាក់
ពួកព្រានតណ្ហា ។
១៧. ស្រីសម័យថ្មី ខ្លះនូវក្មែងខ្ចី ប្រឹងយកសង្សារ
ធ្វើឬកម្ងិកម្ងក់ លោតហក់ស្នេហា ត្រូវប្រៀនឬស្យា
ក្រេមយកលម្អង ។
១៨. ស្រីសម័យថ្មី ទោះក្រុងស្រែក្ដី លេបខាយអូនបង
តណ្ហារុករៀន ញ៉ាមញៀនស្នេហ៍ស្នង ស្រីខ្លះសៅហ្មង
ព្រោះផើមមុនការ ។
១៩. ស្រីសម័យថ្មី វាយគ្នាក្រញី គ្នានក្ដីមេត្តា
ធ្វើរឿងដែលខុស ព្រោះប្រុសស្នេហា ដណ្ដើមសង្សារ
ចិត្តហួងហែង ។
២០. ស្រីសម័យថ្មី វាចារហាស្ដី ធ្វើឬកខែងរែង
អាងតែមានសិទ្ធ មិនគិតកោតក្រែង ចូលចិត្តគ្រឿងក្លែង
ជាងគ្រឿងបរិសុទ្ធ ៕
និពន្ធដោយ៖
ផន
ផានឿន
ភ្នំពេញ, ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ
២០១២
ប្រិយមិត្តជាទីមេត្រី! អត្ថន័យនៅក្នុងកំណាព្យនេះខ្ញុំពុំមានបំណងនិយាយសំដៅដល់មនុស្សស្រីថាសុទ្ធតែមានសភាពលក្ខណៈដូច្នេះទាំងអស់នៅឡើយ
គឺខ្ញុំនិយាយតែចំពោះជនមួយជំពូកដែលភ្លើតភ្លើនផ្ដល់ផ្នត់គិតនិតមិនល្អដល់សង្គមជាតិតែបុណ្ណោះ។
ដូច្នេះបើអ្នកណាម្នាក់ដឹងខ្លួនល្អហើយសូមកុំយកដាក់ក្នុងចិត្តអី៕
No comments:
Post a Comment