Wednesday, October 8, 2014

“ការគ្រប់គ្រងរដ្ឋសម័យអង្គរ”



“ការគ្រប់គ្រងរដ្ឋសម័យអង្គរ”
ជំពូកទី១
ការគ្រប់គ្រង
១.​ អំណាចព្រះរាជា
   ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញពីអាទិទេព។  ព្រះអង្គមាន​អំណាចលើដីធ្លីទាំងអស់ៈការលក់ការប្ដូរឬការធ្វើអំណោយដីត្រូវតែមានសេចក្ដីយល់​ព្រមពីព្រះ អង្គទើបបាន។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ៈព្រះអង្គជាអ្នកធ្វើច្បាប់​​ជាអ្នកជ្រើសរើស មន្ត្រីជាន់ខ្ពស់ជាអគ្គបញ្ញាការនៃកងទ័ពជាអ្នកកាន់កាប់នយោបាយក្រៅ​ប្រទេស(ពួករាជទូត បរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ)ជាអ្នកកាត់ក្ដីសេចក្ដី(ប្រសិន​បើរាស្ត្រណាចង់) ជាមេសាស នា(តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើជាអធិបតីក្នុងពិធីសា​សនាផ្សេងៗ)ជាអ្នកការពារប្រទេស មិនអោយសត្រូវយាយីពីខាងក្រៅនិងរាប់រងអោយមាន​សន្តិភាពនៅខាងក្នុង។

 គូរគត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា អគ្គបញ្ជាការតែ​ប៉ុនោះទេ​ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំព័ទចេញទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិតែ​​ម្ដង។​ អត្ថបទសិលាចរិកជាច្រើនបានកោតសរសើរចំពោះគុណសម្បិត្តិយោធារបស់ព្រះរាជា​ថាសុទ្ធសឹងតែមានតេជដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជាតម្រាប់មួយល្អសំរាប់ពលទាហានដែលកាន់តែមានចិត្តក្លាហានកាប្រយុទ្ធការពារទឹកដីក្ដី ក្នុងការចំ​បាំង វាតអំណាច វាតទឹកដីតាមលទ្ធិទេវវាជក្ដី។ រូបចម្លាក់លើជញ្ជាំងប្រសាទ(អង្គរវត្តនិងបានយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមានពលថ្មើរជើងពលសេះ ពលដំ​រី និងពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀត។ ម្យ៉ា​ង​ទៀតបើតាមរូចម្លាក់ដដែលនោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់ជាមានរបៀបរៀបរយ​និងវិន័យថ្លៃថ្នូរណាស់។ សិលាចរិកវិញបានបញ្ជាក់ថា​ការបេះបោះទាំងឡាយត្រូវបានបង្ក្រា​បយ៉ាងតឹងរ៉ឹងជាទីបំផុត ឯទាហានដែលមានគុណសម្បិត្តិបំណាច់ចំពោះជាតិត្រូវបានលើកតំកើនជាអតិបរិមា (ករណីសញ្ជកទាំងបួនរបស់ស្រីន្ទកុមាន បុត្រជ័យវ័រ្មនទី៧) ដោយមានការកសាងរូបបដិមា និងប្រសាទសំរាប់រំលឹកគុណ។
            ការដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គនៅសម័យអង្គរមានអំណាចទូ​ទូលាយណាស់ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវ​គោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយ​ទសពិធរាជធម៌។ សិលាចរិកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវ័រ្មនទី១ថា ស្រីឥន្ទ្រវ័រ្មនធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយដោយការប្រតិបត្តនូវវិន័យទាំងបីប្រ​ការ ។ ចំពោះប្រជារាស្ត្រព្រះរាជាតែងមានហឫទ័យអាណិតមេត្តានិងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជយវ័រ្មនទី៧ទ្រង់បានខិតខំធ្វើអោយបានសំរេចឧត្ដមគតិនេះដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលាចរិកមន្ទីពេទ្យរបស់ព្រះអង្គ​បានចែងថា ជំជឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺរបស់ព្រះទៀតផង ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណៈនេះហើយជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡា​យ ពុំមែនសេចជាសេក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់។
            គ្រឹះមួយដំបូងបំផុតដែលនាំអោយអរិយធម៌ខ្មែរចាប់លូតលាស់ទៅរួចគឺនយោបាយ​បង្រួបបង្រួមរបស់ព្រះបាទជ័យវរ្ម័នទី២ និងព្រះរាជាក្រោយៗពិធីនិងលទ្ធិទេវរាជបានបំពេ ញមុខងារយ៉ាងសំខាន់ណាស់ក្នុងការសម្រេចឯកភាពជាតិនេះ។ បន្ទាប់ពីបានឯកជាតិហើ យទើបស្ដេចក្រោយៗមានលទ្ធភាពយកចិត្តទុកដាក់នឹងដែនដីដទៃទៀត មានកិច្ចការផ្នែក​រដ្ឋបាលសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងវប្បធម៌ដែលតាងរៀបចំចាក់គ្រឹះនិងកសាងជា​រៀងដរាបទៅ។ ប៉ុន្តែការដែលព្រះបាទជ័យវ័រ្មនទី២ ដណ្ដើមយកបាននូវអំណោយនយោបា​យប្រមូលកំលាំងជាតិអោយនៅជុំវិញព្រះអង្គ ក៏អាស្រ័យដោយកត្តាដ៏សំខាន់មួយទៀតគឺ​កត្តាយោធា។
            គុណសម្បត្តិយោធាៈ ចំពោះប្រទេសមួយដែលមានមហិច្ឆតាធំធេង ចូលចិត្តធ្វើន​យោបាយពង្រឹងទឹកដីនិងវាយយកប្រទេសជិតខាងដាក់ជាចំណុះ ការរៀបចំកងទ័ពអោយ​បានខ្លាំងពូកែជាកិច្ចការមួយចំបងក្នុងចំណោមកិច្ចការដទៃៗទៀត។ លក្ខណៈខ្លាំងពូកែដោយមានទាហានច្រើន និងមានយុទ្ធោបករណ៍បរិបូណ៌ហើយល្អៗមិនទាន់គ្រប់គ្រាន់ទេ​ដើម្បីអោយកងទ័ពនេះជួយលើកស្ទួយអរិយធម៌អោយខ្ពង់ខ្ពស់បាន បើសិននៅខ្វះវិស័យ​របៀបរៀបរយក្បួនយុទ្ធសាស្ត្រ និងទឹកចិត្តស្នេហាជាតិ។ នៅសម័យអង្គរក៏ដូចនៅក្នុងសម័យមុនៗដែរ ព្រះមហាក្សត្រមិនត្រឹមតែមាននាមថាជាអគ្គមេបញ្ជាការប៉ុណ្ណោះទេប៉ុន្តែ​ព្រះអង្គជាមេទ័ពមួយរូបដែលដឹកនាំទ័ព ចេញច្បាំងផ្ទាល់ព្រះអង្គ ហើយចូលប្រយុទ្ធដូចកូន​ទាហានឯទៀតៗដែរ។ ចំពោះកងទ័ព បើតាមរូបចំលាក់លើប្រាសាទអង្គវត្ត និងបាយ័នបាន​បង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះ មានពលថ្មើរជើង ពលសេះ ពលដំរី ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀតផង។
            ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញពីអាទិទេព។ ព្រះអង្គមាន​អំណាចលើដីធ្លីទាំងអស់ ការលក់ ការប្ដូរ ឬការធ្វើអំណោយដីត្រូវតែមានសេចក្ដីយល់ព្រម​ពីព្រះអង្គទើបបាន។ ព្រះរាជមានអំណាចទូលំទូលាយណាស់ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នក​ជ្រើសរើសមន្ត្រីជាន់ខ្ពស់ ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស ជាអ្នកកាត់សេចក្ដី ជាមេ​សាសនា ជាអ្នកការពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅ និងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុងប្រទេស។
២.៦ ពួកបរិវារ​
            រូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញថាព្រះបាទសូរ្យវ័រ្មនទី២ គង់នៅលើ​បល្លង្គទទួលគារវកិច្ចពីពួកបរិវា ដែលមានជាអាទិពួករាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាង​ស៊ី​វិលនិងទាហាន និងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។
            ព្រះរាជាគង់នៅក្នុងវាំងសង់ពីឈើ។ លោកជីវតាក្វាន់មានការស្ងប់ស្ងែងយ៉ាងខ្លាំង​ចំ​ពោះភាពរុងរឿង និងប្រណិតភាពនៃវាំងនេះ ជាពិសេសចំពោះសាលសវនាការដែលមាន​ចង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា។ល។
២.​ នយោបាយ
                 ២.១ នយោបាយក្នុងប្រទេស
         ២.១.១ ព្រះរាជា
            ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ លុះសោយទី​វង្គតទៅព្រះអង្គនឹងយាងទៅគង់នៅទេវលោក។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវា​លទាំងមួល ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុ ដែលគេចាត់ទុកថាចាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទីវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។
            លោកជីវតាក្វាន់ដែលបានមកកទស្សានាប្រទេសខ្មែរនៅចុងស.វទី១៣បានធ្វើការ​ពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរអោយយើងចាប់អារម្មយ៉ាងខ្លាំង។ នៅ​មុខក្បួនដង្ហែមានពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត​គឺពួកស្រីៗដែលមានគ្នាពីរបីរយទៅប្រាំរយនាក់ មានសំលៀកបំពាក់ប្រកបដោយកំណាត់​មានភ្ញីស្លឹកឈើ មានផ្កាសៀតក្នុងផ្នួសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាស,ប្រាក់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ។ តទៅនោះមានស្រីៗមួយពូកទៀតដែល​ជារាជអង្គរក្សដើរកាន់លំពែងនិងខែល។ តមកទៀតគឺរទេះពពែ រទេះសេះ ដែលសុទ្ធសឹង​តុបតែងដោយគ្រឿងមាស។ ពួកក្សត្រនិងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើល​ពីចម្ងាយមកឃើញតែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និងដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស។ ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខាន់។ ភ្លុក​ដំរីសុទ្ធសឹងតែស្រោបមាសដែរ។ ​ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់ចំរុះពណ៌មាស ហើយមានដងដ៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដ៏ទៃទៀតតាមការពារព្រះអង្គ។ ជនណាឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាល់ដល់ដី។
                     ២.​១.២ ការបន្តរាជសម្បិត្តិ
            បើតាមគោលការណ៍ បុត្រច្បងអាចឡើយសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្នានបុត្រទេ​ញាតិណាម្នាក់អាចឡើយសោយរាជបាន។ ចំពោការបន្តរាជសម្បត្តិនេះ មានមតិពីរ​ផ្ទុយគ្នាៈ អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹងព្រះរាជាទើបអាចឡើយស្នង​រាជបាន អ្នកខ្លះយល់ផ្ទុយទៅវិញប៉ុន្តែបានបញ្ជាក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយ
ស្ដេចមុនឬត្រូវយកក្សត្រីស្រ្តីណាមួយក្នុងគ្រួសារស្ដេចមុន ទើបអាចទទួលរាជសម្បត្តិបាន​។
ក្នុងករណីព្រះរាជាទទួលរាជសម្បិត្តិហើយនៅតែក្មេងពេក នោះកិច្ចការរដ្ឋត្រូបានព្រះគ្រូជា​អ្នកទទួលខុសត្រូវ។​
     ២.២ នយោបាយក្រៅប្រទេស
.- ជាមួយនឹងការធ្លាក់ទន់ខ្សោយនៃរាជសន្តតិវង្ស សៃលេន្ត្រ នៅកោះជ្វា។ ព្រះបាទ
ជ័យវ័រ្មនទិ២បានធ្វើពិធីទេវរាជមួយនៅលើភ្នំកូលែន ដើម្បីប្រកាសឯករាជ្យពីអំណាចជ្វា និង​បង្រួបបង្រូមជាតិខ្មែរឡើងវិញនៅជុំវិញនៅជុំវិញមហាក្សត្រតែមួយ។
            -​ នៅផ្នែកខាងលិច ជនជាតិថៃពិតមែនតែបានជ្រៀតចូលមកក្នុងជ្រាយឥណ្ឌូចិនតាមដងទន្លេមេណាមខ្លះៗហើយក៏ដោយក៏ស្ថិតនៅក្នុងឋានៈជាកុលសម្ព័ន្ធ ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាព និងមិនទាន់កើតជារដ្ឋនៅឡើយលុះត្រាដល់ស.វទី១៣។
            - ពួកយួនទៀតសោតពុំទាន់រួចខ្លួនពីអាណានិគមរបស់ចិននៅឡើយ។ លុះយួន​បានរំដោះខ្លួនផុតពីនឹមចិននៅពាក់កណ្ដាលស.វទី១០ ជនជាតិនេះពុំទាន់មានលទ្ធភាពមក​វាយរំខានខ្មែរនៅឡើយដែរ ព្រោះជាប់រវល់រៀបចំស្រុកទេសរបស់ខ្លួន ហើយជាប់ដៃច្បាំង​ជាញឹកញយជាមួយប្រទេសចម្ប៉ា។ ស្ដេចសម័យអង្គររមែងតែងតែអនុវត្តគឺនយោបាយចក្រ​ពត្តិនិយមជាមួយរដ្ឋតូចៗ និងស្វះស្វែងរកមេត្រីភាពជាមួយរដ្ឋធំៗ។
៣. រដ្ឋបាល
       ៣.១ រដ្ឋបាលកណ្ដាល
     ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជា បុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការ បន្តតំណែងដោយ រាប់ ញាតិតាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញញវន្ត និងជាតំណាង អរិយធម៌ឥណ្ឌា។វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនាការពីរដងក្នុងមួយថ្ងៃសម្រាប់ ដោះស្រាយកិច្ចការរដ្ឋ ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី ។ ពេល ដែលព្រះអង្គយាងមកដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យហើយអោនក្បាលដីដល់ ។        នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន
មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ នៅក្នុងវាំងឬកាន់ទ័ព និងឈរត្រួតនៅតាម ខេត្តខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ហើយមាននាទីនៅបម្រើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយ ប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់) ។
      ៣.២ រដ្ឋបាលភូមិភាគ
   នៅក្នុងរដ្ឋបាលភូមិភាគគេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ(អាជ្ញារហ្លួង?)ចៅហ្វាយខេត្តមេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ ល ។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរាខ្លះទៀតធ្វើជាចៅក្រមក្នុង រាជវាំង ។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធាន ការទូទៅឬ គ្រាន់ តែជាមធ្យោបាយសម្រាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់។
៤. ធនធានមនុស្ស
         ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិមានចិត្តអំណត់ឧស្សាហ៍ព្យាយាមមានបំណង់​ធំបំផុតគឺការរីកចម្រើនលើគ្រប់វិស័យ និងភាពសំបូរសប្បាយ។ ជាសក្ខីភាពនៃការព្យាយាម​និងបំណងនេះ ព្រះរាជាសម័យអង្គរបាន ឲ្យឆ្លាក់រឿងកូរសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទជាច្រើន និងនៅគ្រប់ច្រកទ្វាចូលនៃបូរីអង្គរធំ ព្រោះទឹកអម្រឹតដែលហូរចេញពីការ​កូរសមុទ្រទឹកដោះ ជានិមិត្តរូបយ៉ាងជាក់ច្បាស់នៃថាមពលខាងការងារ និងការប្រណាំងប្រ​ជែងបង្កើតផលិតផល។ ម្យ៉ាងទៀតការសិក្សា ចិត្តវិទ្យាអំពីសិល្បៈខ្មែរបុរាណបានផ្ដល់ព័ត៌​មានច្រើនទៀត ស្ដីពីការតស៊ូចិត្តអំណត់ និងសេចក្ដីប្រាថ្នាយ៉ាងមុតមាំរបស់ខ្មែរជំនាន់នោះ​ចំពោះអ្វីដែលខ្លួនយល់ថាល្អប្រសើរ។
         សេចក្ដីក្លាហាន និងភាពមោះមុតរបស់ខ្មែរសម័យអង្គរមានតាំងពីសម័យនគរភ្នំ និងចេនឡាមកម៉្លេះ។ ដូច្នេះខ្មែរមានអរិយធម៌ជឿនលឿនតាំងតែពិសម័យនគភ្នំនិងចេនឡា ហើយនៅសម័យអង្គរអរិយធម៌ខ្មែរកាន់ តែរីកសុសសាយថែមទៀត។ មត៌កដែលមានតាំងពីហ្វូណន និងចេនឡាបានធ្វើឲ្យអរិយធម៌ខ្មែរសម័យអង្គរឈាន​ដល់កំពូលនិងរីកសុសសាយនៅអាស៊ីអគ្នេយ៍។
ជំពូកទី២
ការរៀបចំសេដ្ឋកិច្ច និងសិល្បះ
  ​ការដែលជ្រើសរើសយកតំបន់អង្គរដើម្បីតាំងជារាជធានីមិនមែនប្រព្រឹត្តទៅ​ដោយចៃដន្យនោះទេគឺ ម្យ៉ាងនៅទីនោះស្ថិតនៅចំកណ្ដាលព្រះរាជាណាចក្រម្យ៉ាងទៀតព្រោះ​តំ​បន់នោះជាទីប្រជុំនៃផ្លូវជំនួញទាំងផ្លូវគោក ទាំងផ្លូវទឹក ហើយសម្បូបណ៍ដោយធនធានធម្ម​ជាតិគ្រប់បែបយ៉ាងដូចជា ត្រីនៅតំបន់បឹងទន្លេសាម ម្រឹគនិងឈើល្អៗនៅក្នុងព្រៃ ថ្មភក់សំ​រាប់សង់បប្រាសាទនៅលើភ្នំគូលែន។ល។ ឯទំនាបជុំវិញសុទ្ធសឹងប្រកបដោយជីវជាតិសំរា​ប់ដាំដំណាំសព្វសារពើ។ គេដឹងថាខ្មែរនៅសម័យអង្គរ ជាជនជាតិឧស្សាហ៍ដែលមានចំណង់ធំបំផុតគឺ ការចម្រើនលូតលាស់លើគ្រប់វិស័យភាពសម្បូណ៌សប្បាយគ្រប់ផ្នែក។ ជាសក្ខីភាពនៃចំណង់​នេះ ស្ដេចនៅសម័យអង្គរបានអោយគេឆ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅលើប្រាសាទជាច្រើន និងគ្រប់ច្រកទ្វាចូលនៃបុរីអង្គធំជាដើម ព្រោះទឹកអម្រឹតដែលហូរចេញពីការកូរទឹក​សមុទ្រទឹកដោះនេះ ជានិមិត្តរូបនៃឋាមពលខាងការងារនិងការប្រណាំ ងប្រជែងបង្កើនផលិ​តផលយ៉ាងច្បាស់លាស់។  
១.​  កសិកម្មនិងនេសាទ
លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះមិនមែស្ថិត​ដាច់ពីមនុស្សលោកទេ ព្រះអង្គគង់នៅជាមួយមនុស្សហើយមានការមើលសុខទុក្ខរបស់ប្រ​ជារាស្ត្រថែមទៀតផង។ ដូចឆ្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គមានមហិទ្ធិរិទ្ធិខ្លាំពូកែ​សមឋានៈជាអាទិទេពមែននោះព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្រស្គាល់នូវភាពសម្បូរសប្បាយរុងរឿងយ៉ាងពិតប្រាកដ។ ដោយហេតុនោះព្រអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយមានទឹកបរិបូរណ៌មិនបាច់ពឹងពាក់ទៅលើភ្លៀតទៀតដោយការកសាងបារាយធំៗដែលមានសល់មកដល់សព្វថ្ងៃនេះផង។ កិច្ចការនេះ​រាស្ត្របានរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផងរំដោះប្រទេសជាតិអោយ​រួច​​ផុតពីបរទេសផង។បើតាមលោកជីវតាក្វាន់ ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន៣ទៅ៤​ដងក្នុងមួយឆ្នាំ។ លោក​ Henri Stierlin អ្នកឯទេសជាតិស្វីសម្នាក់បានគន់គូរឃើញថា នៅ​លើផ្ទៃដី១០០០ គ. ម. ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល ១៥០ ០០០តោន ដែលអាចចិញ្ចឹមប្រជាជនបានទៅដល់៨០០ ០០០នាក់ ហើយនៅសល់ ៤០%ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងៗទៀត​។
គឺការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះហើយដែលអនុញ្ញាតិអោយប្រជារាស្ត្រចូល​
រួមក្នុងការកសាងប្រាសាទតាមតម្រូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងបុគ្គល​និយម។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្គេតឃើញមានប្រសាទពីរបែបៈ
១. ប្រាសាទភ្នំជាប្រាសាទសង់លើឃឿនច្រើនជាន់សំរាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។
២.      ប្រាសាទសង់ទាបនឹងដីជាប្រាសាទសំរាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ​ បន្ទាយឆ្នារ ព្រះខាន់ តាព្រហ្ម។ល។ )
ម្យ៉ាងទៀតគេបានសង្កេតឃើញថាពីរាជមួយទៅរាជ​មួយទៀតប្រាសាទមានទំហំ​កាន់តែធំឡើយ ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញអោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូ​ចបានរៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រើប្រាស់ ,ដង្វាយផ្សេងៗ និងមានភារៈត្រូវទៅនៅបំរើ និងថែ​រក្សាប្រាសាទទាំងនោះថែមទៀត។ ឧទាហរណ៍ៈ ដូចជាប្រាសាទតាព្រហ្មកសាងឡើង​នៅក្នុងឆ្នាំ១១៨៦ ដោយព្រះបាទជ័យវ័រ្មនទី៧សំរាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធនៃព្រះមាតា,​ព្រះគ្រូនិងបដិមារូបឯទៀតចំនួន ២៦០ មានភូមិចំណុះ៣១៤០ភូមិ (សំរាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់និងជ្រោយផ្សេងៗ) មានមនុស្សនៅចាំបម្រើនិងថែរក្សា៧៩៣៦៥នាក់ (ក្នុងចំណោ​ម​នេះមាន១២ ៦៤០នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច)។ គ្រឿងប្រដាប់ប្រើប្រាស់ជា​ដង្វាយមានៈ ចានមាសទម្ងន់ជាង៥តោន ចានប្រាក់ទម្ងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥គ្រាប់​ត្បូងមុត្តា ៤០៦២០គ្រាប់ ត្បូងយ៉ាងល្អ៤៥៤០គ្រាប់ ផ្ដិលមានធំមួយ រនាំងស្រុកចិន៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ក្លស់ ៥២៣។ ចំពោះស្បៀងអាហារមានៈ អង្ករ,ស្ករ,ទឹកដោះ​គោ,ប្រេង,ទឹកឃ្មុំ,ក្រមួន,ខ្លឹមចន្ទន៍,កប៌ូរ,គ្រឿងចីវរ។ នេះចំពោះប្រាសាទតែមួយផង ឃើញ​ថាការប្រើប្រាស់កំម្លាំងមនុស្ស និងទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់តើតម្រូវការទាំងខាងកម្លាំងមនុស្សទាំងខាងទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រា​សាទរួមនិងចម្បាំងដ៏វែងឆ្ងាយ (សូរ្យវ័រ្មនទី២ វាយយួន ចាមផង មនផង) ជាកត្ដារូមនៃការ​ធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។
ស្ថានភាពដីដ៏ជាកុសលនេះ ផ្សំជាមួយម​ធ្យោបាយបច្ចេកទេសដ៏ចំណាន និងមូលធនមនុស្សយ៉ាងស្វាហាប់នៅជំនាន់នោះ ដែល​ចេះតស៊ូស្វិតស្វាញក្នុងការងាររបស់ខ្លួន​ បាននាំអោយកសិកម្មខ្មែររីកចម្រើនជាអតិបរិមា។ មានជាអាថ៌ ការស្ថាបនាបារាយជំនាន់នោះជាសមិទ្ធិមួយធំសម្បើមណាស់។ បើយើងគ្រាន់តែយកបារាយណ៍បីសំខាន់ៗមកនិយាយឃើញថា គួរអោយស្ញើចសរសើពន់ពេកណាស់ ព្រោះបារាយណ៍ទាំងនោះអាចស្រោចបានផ្ទៃដីមួយពាន់គីឡូម៉ែតការេនៅតំបន់អង្គរ គេអា​ចប៉ានស្មានបានថាផលិតផលស្រូវក្នុងមួយឆ្នាំបានដល់ ១៥០ ០០០តោន ដែលអាចិញ្ចឹម​ប្រ​ជាជនបានដល់ទៅ៨សែននាក់ ហើយនៅសេសសល់៤០%ទៀតសំរាប់ដឹកបញ្ចេញទៅលក់នៅក្រៅបរទេសទៀត។
រាប់ពាន់ឆ្នាំមុន ប្រជារាស្ត្រខ្មែរប្រកបកសិកម្ម និងនេសាទជាធំ។ នៅជុំវិញបឹងទន្លេសាបពុំមានផ្ទៃធំធេងប៉ុន្មានទេ តែជាដីសំបូរជីវជាតិ។ ដីទំនាបមួយភាគត្រូវលិចទឹកនៅ​រដូវវស្សា។ ប្រជារាស្ត្រខ្មែរអាចធ្វើការដាំដុះបានតែនៅរដូវប្រាំងប៉ុណ្ណោះ។ ប៉ុន្តែតំបន់ខ្លះគេធ្វើស្រូវឡើងទឹក ឬស្រូវពង្រោះ ដែលឲ្យផលពីរ ឬបីដងក្នុងមួយឆ្នាំ។ ចំណែកស្រែទាំងឡា​យដែលស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវរដូវវស្សាដោយពឹងលើទឹកភ្លៀង ប្រព័ន្ធប្រឡាយនឹងទំ​នប់។ ផលិតផលស្រូវអាចចិញ្ចឹមប្រជារាស្ត្រខ្មែរគ្រប់គ្រាន់ និងអាចធានាចំពោះចំណាយផ្សេងៗរបស់រដ្ឋ។ ផលស្រូវដែលប្រជាកសិករបានទទួលពុំមែនសម្រាប់តែផ្គត់ផ្គង់ជីវភាពគ្រូសារខ្លួនប៉ុណ្ណោះទេ គឺជួយទំនុកបម្រុងផ្នែកសាសនា និងបង់ពន្ធរដ្ឋថែមទៀត។
នៅទីផ្សារ គេប្រើស្រូវអង្ករដើម្បីដោះដូរជាមួយនឹងផលិតផលដទៃ។ ក្រៅពីផលិតផ​លស្រូវ​ នៅមានដំណាំបន្ទាប់បន្សំផ្សេងៗទៀតដូជា ល្ង សណ្ដែក ល្ពៅ ត្រសក់ ឈើហូបផ្លែ ។ល។
ទន្ទឹមនឹងកសិកម្ម គេនេសាទ និងចិញ្ចឹមសត្វដូចជាគោ ក្របី ជ្រូក និងបក្សីស្រុក។ ក្រៅពីនេះដើររកឃ្មុំដើម្បីយកទឹកនិងក្រមួន។ សម្ថភាពនេសាទត្រីមានកំរិត ព្រោះត្រីជាប្រ​ភពចំណីអាហាររបស់ប្រជារាស្ត្រ។ លើសពីនេះទៀតប្រជាកសិករស្វែងរកបេះរុក្ខផលដូជា​ក្រវាញ និងឈើសម្រាប់ធ្វើឪសថ។
ផលិតផលស្ដត្នោត​ និងទឹកត្នោតជូរ មានតួនាទីសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រ​ចាំថ្ងៃរបស់ប្រជារាស្ត្រខ្មែរ ហើយគេចេះធ្វើអាជីវកម្មនេះតាំងពីយូរមកហើយ។

          ២.​  សិប្បកម្ម
          ទន្ទឹមនឹងកសិកម្ម សិប្បកម្មក្នុងសម័យអង្គរក៏មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ដែរ។ គេនៅតែបន្តការធ្វើចានក្បាន ក្អមឆ្នាំង និងតំបាញដើម្បីបំពេញតម្រូវការចាំបាច់ក្នុងជីវភាព​។ ចំពោះគ្រឿងអលង្ការប្រជារាស្ត្រខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ គេ​ចេះ​ធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា មួក ប្រអប់ប្រាក់ ឬស្ពាន់--។ (ប្រពៃណីនេះមានយូរណាស់មកហើយ)។
            ក្រៅពីនេះរបរជាងឈើក៏មានការលូតលាស់គួរឲ្យកោតសរសើរ។ ប្រជារាស្ត្រខ្មែរជាជាងឈើដ៏ចំណាន។ គេចេះធ្វើរទេះគោ ទូកដែលជាមធ្យោបាយក្នុងការដឹកជញ្ជូននិងទំនា​ក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ ហើយក៏ជាមធ្យោបាយ ដ៏សំខាន់ក្នុងការធ្វើសង្គ្រាម។
៣.​  ជំនួញ និងទីផ្សារ
          ដោយផលិតផលនានាសំបូរហូរហៀរ និងដោយការអភិវឌ្ឍន៍វិស័យសិប្បកម្មប្រជារាស្ត្រខ្មែរអាចបំពេញ សេចក្ដីត្រូវការរបស់ខ្លួនតាមរយៈការដោះដូរផលិតផលរវាងគ្នានឹងគ្នា​។​ ហេតុនេះទីផ្សារកកើតមានឡើងនៅក្នុងរាជធានីទីផ្សារបានបើកលក់ដូរជារៀងរាល់ព្រឹក ប៉ុន្តែពុំទាន់មានសំណង់អគារទេ។ គឺគេសង់រោង ឬខ្ទមក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិត​ផលដែលត្រូវលក់ដូរ។ ក្នុងសម័យនោះទីផ្សារដំណើរការទៅបានអាស្រ័យ ដោយការដោះ​ដូរផលិតផលគ្នាទៅវិញទៅមក។
            នៅតាមជញ្ជាំងប្រសាទអង្គរធំ មានក្បាច់ចម្លាក់ស្តីពីទស្សនីយភាពការលក់ដូរនៅទី​ផ្សារ។ គេឃើញអ្នកលក់អង្គុយពីក្រោយកន្ទេលដែលតាំងគ្រឿងលកដូរ ដូជាត្រី ថូស្រា.....លាយឡំនឹងឆាកកំសាន ដូចជាមានការប្រជល់មាន់ ប្រជល់ជ្រូក --។ ការអភិវឌ្ឍន៍៤សត​វត្ស នៃសម័យអង្គរមានពន្លឺយ៉ាងត្រចះត្រចង់ធ្វើឲ្យជីវភាពប្រជារាស្ត្រខ្មែរសំបូរធូរធារ។ ផ​លិតផលកសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាអភិវឌ្ឍ​​ផ្នែកពាណិជ្ជកម្មគួរឲ្យកត់សំគល់។ ជាទូទៅ សេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជានៅសម័យអ​ង្គរ អាចធានាការរស់នៅរបស់ប្រជារាស្ត្រទាំងមូល ស្ថិរភាពព្រះរាជាណាចក្រ និងការលើក​កំកើងស្នាដៃស្ថាបត្យកម្មដ៏សំបើមក្នុងពិភពលោក។
៤. គមនាគមន៍
                                     ៤.១ ផ្លូវគោគ
         មានផ្លូវធំវែង ចាប់ពីទីក្រុងអង្គរទៅប្រទេសចម្ប៉ា ដល់ក្រុងវិជ័យ និងពីអង្គរទៅក្រុង​ពិម៉ាយ(នៅប្រទេសថៃសព្វថ្ងៃ)។ នៅតាមផ្លូវមានស្ថានីសម្រាប់យប់សំរាប់ចំនួន ១២១កន្លែង គឺសងជារបៀបសាលាសំណាក់ មានភ្លើងអុជនៅវេលាយប់ មានបុគ្គលិកនៅថែរក្សាគ្រប់សាលា ពីទីក្រុងអង្គរ ទៅដល់ប្រទេចម្ប៉ា មាន៥៧សាលា។ ពីទីក្រុងពិម៉ាយ មាន១៧​សាលា ហើយតាមផ្លូវបត់បែនចូលទៅកាន់ទីប្រជុំជនធំៗ ចំនួន៤៦សាលា ឯសាលាមួយទៀតនៅលើភ្នំជីសូរ។
៤.២ ផ្លូវទឹក
         មានកំពង់ផែអន្តរជាតិជាច្រើនកន្លែងដូចជាៈ កំពង់ផែ «អូកែវ» ជាដើម សម្រាប់ទូកសំ​ពៅធំៗចូលចតនិងផ្ទុកទំនិញដែលត្រូវនាំចេញ និងនាំចូល។ សំពៅធំៗរបស់ខ្មែរអាចឆ្លងទន្លេ សមុទ្រទៅលក់ទំនិញ ឬទិញទំនិញផ្សេងៗដល់ប្រទេសឥណ្ឌា ចិន...និងប្រហែលដល់​អ៊ឺរុបទៀតផង។

ជំពូកទី៣
ការអភិវឌ្ឍន៍វប្បធម៌សម័យអង្គរ
១.​ វប្បធម៌ខ្មែរសម័យអង្គរ
នៅសម័យអង្គរ ខ្មែរជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ វប្បធម៌ អរិយធម៌ជាតិខ្មែរ​
បានកើនឡើយដល់កំពួល ជាពិសេសចាប់តាំងពីសតវត្សទី៩ដល់ទី១៣។ គេអាចសំគាល់​ភាពរុងរឿងនេះដោយវិសាលភាពទឹកដីដ៏ធំទួលាយ លាតសន្ធឹងសឹងតែអស់ផ្ទៃដីឥណ្ឌូចិន​ទាំងមួល ដោយមានប្រាសាទចំនួនរាប់ពាន់ប្រកបដោយក្បាច់រចនាគួរឲ្យស្ញប់ស្ញែង ដោយ​ផ្ទាំងសិលាចរឹកច្រើនសន្ធឹកសន្ធាប់ជាភាសាសំសំស្ក្រឹត ភាសាខ្មែរបុរាណ ឬជួនកាលមាន​ទាំងពីរភាសាចំរុះគ្នា។ ក្រៅពីនេះមានបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀត ជាពិ​សេសបរិក្ខារសង្ខរណៈ ដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃដូចជាបារាយណ៍ ទំនប់​ទឹក បណ្ដាញជលគតិ ផ្លូវថ្លល់ ស្ពាន  
        ព្រះរាជាសម័យអង្គរសុទ្ធសឹងជាស្ថាបត្យករប្រាសាទ ជាវឹរជនស្នេហាប្រទេសជាតិមាតុ​ភូមិ ស្នេហាប្រជារាស្ត្រ និងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូររុងរឿង។
           



២. វិស័យអប់រំសិក្សា និងសង្គមកិច្ច
                   ២.១ វិស័យអប់រំសិក្សា
         របៀបកត់ត្រានៅសម័យអង្គរ គឺគេសរសេរនៅលើថ្ម ឬនៅលើស្បែកសត្វតែការសរសេរលើស្បែកសត្វ គ្មានឯកសារសេសសល់រហូតមកដល់សព្វថ្ងៃនេះទេ។ ក្នុងការកត់លើ​ផ្ទាំងថ្ម (សិលាចរិក) គេនិយមប្រើភាសាសំស្ក្រឹត ភាសាខ្មែរបុរាណ និងភាសាបាលី។
         សិលាចរិកជាភាសាបាលីលើកដំបូងបំផុត គឺក្នុងរាជ្យស្ដេចស្រីន្ទ្រវរ្ម័ន គ.ស.១២៩៦។
ភាសាសំស្ក្រឹតជាភាសា អ្នកប្រាជ្ញសម្រាប់ប្រើកត់ត្រាធ្វើបញ្ជីព្រះរាជវង្សានុវង្ស ឬមហាក្សត្រ និងតែងសេចក្ដីសរសើរដល់ក្សត្រដែលសាងប្រាសាទអស់លោកដែលមានសទ្ធាជ្រះ​ថ្លាធ្វើអំណោយទាន។ តាមសិលាចរិកភាសាខ្មែរបុរាណសម្រាប់កត់ត្រា រាយរឿងការកសា​ង​ និងសេចក្ដីរៀបរាប់ពួកមនុស្សបំរើ និងគ្រឿងប្រដាប់ប្រដារដែលវេរថ្វាយព្រះវិហារ។ ភាសាសំស្រ្កឹត និងភាសាខ្មែរបុរាណនិយាយទាក់ទងដល់ប្រវត្តក្សត្រ ព្រមទាំងការគ្រប់គ្រង​អាណាចក្រខ្មែរ ដែលមានប្រើច្បាប់សម្រាប់ស្រុកទេស សម្រាប់តុលាការព្រមទាំងកត់ត្រា​វិជ្ជាដោយមុខផ្សេងៗទៀត។ ភាសាសំស្រ្កឹតត្រូវបានគេធ្វើដោយប្រពៃនាពេលនោះ។ សិ​លាចរិកបានប្រាប់ពីមុខងារសំខាន់ៗដែលក្សត្រពីរត្រីពីររូប បានបំពេញជាប្រយោជន៍ដល់​បញ្ញា និងការចេះដឹង គឺព្រះនាងឥន្រ្ទទេវី និងព្រះនាងជ័យរាជទេវី (ជាបងប្អូនបង្កើតនឹងគ្នា​ និងជាអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧)។ ព្រះនាងឥន្ទ្រទេវីចេះវិជ្ជាអក្សរសិល្ប៍ ចេះ​ភាសាសំស្ក្រឹតច្បាស់លាស់ចេះវិទ្យាសាស្ត្រផ្សេងៗ ហើយមានប្រាជ្ញឈ្លាសវៃផង។ ព្រះនាងឥន្រ្ទទេវីត្រូវបានព្រះរាជាតែងតាំងជាសាកលវិទ្យាធិការិនី នៅសកលវិទ្យាល័យមួយ​ឈ្មោះហៅថាទិលកុត្តរ ហើយព្រះនាងបង្ហាត់បង្រៀនស្រីខ្មែរអំពីមុខវិជ្ជាសាសនា នៅក្នុង​វត្តមួយឈ្មោះ នរេន្ទ្រាស្រម។ គឺព្រះនាងឥន្ទ្រទេវីនេះហើយដែលបានណែនាំបញ្ចុះបញ្ចូល​ព្រះស្វាមីឲ្យងាកមកកាន់ព្រះពុទ្ធសាសនាមុតមាំ។ ចំណែកព្រះនាងជ័យរាជទេវី ជាព្រះរាជ​កនិដ្ឋភគិនីវីញ ព្រះនាងតែងមានព្រះទ័យ សន្ដោសប្រោសប្រណីដល់ពួកក្មេងស្រីកំព្រា ហើយបានណែនាំពួកទាំងពួកទាំងនេះឲ្យសាងផ្នួសជាដូនជីនៅក្នុងភូមិមួយឈ្មោះធម៌កេរ្ដិ៍។​ព្រះនាងថែមទាំងធ្លាប់បានចាត់ចែងឲ្យគេលេងល្ខោនតាមរឿងជាតកទៀតផង។
         ក្រៅពីរៀបរាប់ខាងលើនៅសម័យអង្គរមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលជាថ្នាលសម្រាប់បណ្ដុះបណ្ដាលការចេះដឹងសព្វសារពើ។ យោលតាមចំនួននិងទំហំ​នៃប្រាង្គប្រាសាទ និងក្បាច់ចម្លាក់ទាំងឡាយឃើញថា សំបូរស្ថាបត្យករ វិស្វករជាង និងសិ​ល្បករណាស់។ ជាមួយគ្នានេះប្រាកដជាមានអ្នកចេះដឹងមុខវិជ្ជា បន្ទាប់បន្សំជាចាំបាច់ដទៃទៀតជាច្រើន នៅក្នុងមជ្ឈដ្ឋានប្រជារាស្ត្រ ដូចជាគណិតវិទ្យា និងតារាងវិទ្យាជាដើម។
ដូច្នេះ ដើម្បីផ្ទេរចំណេះវិជ្ជាពីជំនាន់មនុស្សមួយទៅទៅជំនាន់មនុស្សមួយទៀត លុះត្រាតែ​មានការអប់រំវបង្ហាត់បង្រៀនគ្នា បានន័យថា តោងតែមានរៀងជាង ឬសាលាតាមបែបណា​មួយមិនខាន។ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១វត្តយសោធរាស្រមជាទីប្រជុំនៃនិសិ្សតបរទេស ដែលរមែងស្វះស្វែងមករករៀនចំណេះវិជ្ជាផ្សេងៗអំពីប្រទេសខ្មែរ។ តួយ៉ាងនៅក្នុងសម័យបាយ័នមានបដិមាជាច្រើនបង្ហាញលក្ខណៈប្រហាក់ប្រហែលគ្នា ជាហេតុនាំឲ្យ​គេសន្មត់ថា ចេញពីរោងជាងតែមួយឬពីសាលាតែមួយ។ ម្យ៉ាងទៀតគួរចាប់អារម្មណ៍ដល់​សិលាចារឹកទាំងឡាយនៅសម័យនោះដែលរមែងតែងតែអួតសរសើរគុណសម្បតិ្តខាងផ្លូវ​បញ្ញា និងផ្លូវសីលធម៌របស់តួអង្គនានា មិនថាប្រុសឬស្រី មិនថាស្ដេចឬរាស្ត្រឡើយ​ ហើយ​ទាំងនេះសឲ្យឃើញច្បាស់ថា គេចេះឲ្យតម្លៃទៅលើចិត្តគំនិតច្រើនជាងទៅលើបុណ្យសក្ដិ និងសំភារះនេះជាគោលការណ៍អប់រំនៅសម័យអង្គរ។
            ២.២ សង្គមកិច្ច វេជ្ជសាស្ត្រ
         ប្រជាជនមានចំណេះដឹង និងពិសោធន៍ក្នុងវិស័យសង្គមកិច្ចជាយូរណាស់មកហើយ។គ្រូព្យាបាលជំងឺ ស្គាល់ច្បាស់លាស់ណាស់ពីលក្ខណៈរោគជាសរវន្ត និងជំងឺមួយចំនួនធំ ហើយបានព្យាបាលជំងឺទាំងនេះបានសះស្បើយ ដោយប្រើថ្នាំសង្កូវផ្សំពីរុក្ខជាតិដែលមាននៅក្នុងស្រុក។ លើមូលដ្ឋាននេះនៅចុងសតវត្សទី១២ ព្រះបាទជ័យវរ្ម័នទី៧បានសង់មន្ទីរពេទ្យជាច្រើននៅកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ មន្ទីទេព្យទាំងនោះព្យាបាលប្រជារាស្ត្រដោយពុំគិតពីវណ្ណៈអ្វីឡើយ។ ព្រះរាជាបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទី៧ចារទុកនៅតាម​មន្តីពេទ្យបានឲ្យយើញថា បុព្វបុរសយើងចេះផ្សំថ្នាំនានាអំពីរុក្ខជាតិ និងរូបធាតុក្រអូបទាំង​ឡាយ ដូចជាប្រេចម៉ត់ ដើមមប្រេងខ្យល់ ស្ករទេពទារូ វ៉ាន់ស៊ុយ​ ក្រវាញ ខ្ញី ទឹកឃ្មុំ...។ល។
         ទាំងអស់នព ជាការដកពីសោធន៍មានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងវិស័យវេជ្ជសាស្ត្រប្រពៃណី​ ជាមរតករបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យ ហើយដែលយើងត្រូវតែប្រើប្រាស់ និងសិក្សាពង្រឹងបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។
៣. កាបង្កើតអក្សរ និងការប្រើប្រាស់អក្សខ្មែរ
         អក្សរគឺជាកំរងសញ្ញាដែលទាក់ទងគ្នាជាក្បូន ដែលស្ថិតនៅក្រោមគោលការណ៍ និងមូលដ្ឋានសំខាន់ៗ។
         យ៉ាងណាមិញអក្សរខ្មែរក៏ដូចនោះដែរ ពោលគឺនិយមភ្ជាប់ស្រះនិងព្យញ្ជនៈ។ គេបាន​រកឃើញសិលាចរឹកសម័យនគរភ្នំមួយនៅវ៉ូកាញ់ ក្នុងភូមិភាគញ៉ាត្រាង (យួនខាងត្បូង) ជា​សិលាចរឹកខ្មែរដំបូងបង្អស់ ប៉ុន្តែសេចក្ដីនៅក្នុងសិលាចរិកនោះជាភាសាសំស្រ្កឹត។ ការសិក្សាប្រៀបធៀបបានឲ្យដឹងថា អក្សរខ្មែរបុរាណនិងអក្សរឥណ្ឌាខាងត្បូង មានទ្រង់ទ្រាយ​
ដូចគ្នា។
         ម្យ៉ាងវិញទៀត គេបានរកឃើញប្រាកកាក់របស់ឥណ្ឌានៅកំពង់ផែអូកែវ(នៅកម្ពុជា​ក្រោម)។ នៅលើប្រាក់នោះមានចារអក្សរព្រាហ្មី មានទ្រង់ទ្រាយដូចតួអក្សរខ្មែរបុរាណដែរ។​សម័យនោះខ្មែរនិងឥណ្ឌាមានទំនាក់ទំនងគ្នាជាញឹកញាប់ ដូច្នេះគេក៏សន្និដ្ឋានថា ខ្មែរបាន​ខ្ចីតួអក្សរព្រាហ្មីរបស់ឥណ្ឌាមកប្រើ។
         ប៉ុន្តែអក្សរខ្មែរដែលយើងប្រើសព្វថ្ងៃនេះ ត្រូវបានគេកែទ្រង់ទ្រាយធំៗចំនួនដប់ដង់រួច​មកហើយ។ យើងនឹងបញ្ជាក់អំពីទ្រង់ទ្រាយតួអក្សរខ្មែរមុនសម័យអង្គរ សម័យអង្គរ និងក្រោយសម័យអង្គរៈ
         =  ព្យញ្ជនៈសម័យមុនអង្គរ មានរាងគ្រោតគ្រាត មិនស្មើ មិនសម សក់ខ្លី ជើងខ្លី ហើយមនាចំនួនតិច។
         _ ព្យញ្ជនៈសម័យអង្គរ មានរាងសង្ហារ មានសក់ជាក្បាច់រចនា សក្តិសមរវាងសក់ ជើង។​
         _ ព្យញ្ជនៈសម័យក្រោយអង្គរ មានរាងទ្រេត សក់ និងជើងវែងៗ។
         ដំណើរវិវត្តនៃអក្សរខ្មែរច្រើនលើកច្រើនសា តួអក្សរកាន់តែច្រើនឡើង និងកាន់តែ​ងាយសរសេរផង។ នេះជាស្នាដៃបុព្វបុរសខ្មែរដែលមានទេពកោសល្យខាងកែសំរូល​ និងខាងបង្កើតថ្មី ដើម្បីបំពេញកង្វះខាតដែលមានពីមុន។
         ក្រោយពីមានកំណើតមាំមួនហើយ តួអក្សរខ្មែរវិវត្តពេញរូបរាងមែនទែននិងគ្រប់លក្ខណៈ (ជើង សក់)។ តួអក្សរខ្មែរបុរាណបានកើតឡើង និងវិវត្តទៅតាមសម័យកាលរហូតមក​ដល់សព្វថ្ងៃ។ សិលាចរឹកដែលបានប្រើប្រាសភាសាខ្មែរបុរាណដំបូងបំផុត គឺសិលាចរឹក​អង្គរបុរី(គ.ស៦០១ ដល់ ៦១១ និង គ.ស៦៧១ ដល់ ៦៩៥)។
         ដើមឡើយ គេប្រើប្រាស់តួអក្សរសម្រាប់តែធ្វើសិលាចរឹក ដំកល់នៅក្នុងប្រាសាទ​ដើម្បីឧទ្ទិសបូជាដល់អាទិទេព។ ក្រោយមកទៀតតួអក្សរខ្មែរបានរីកសុសសាយគ្រប់ទិសទី​ហើយត្រូវបានគេប្រើប្រាស់កត់ត្រាក្បូនគម្ភីរសាសនា រឿងព្រេង និងស្នាដៃអក្សសិល្ប៍ លើ​ស្លឹករឹត (សាត្រាស្លឹករឹត) ឬ ជាក្រាំង។
         តួអក្សរត្រូវបានកែប្រែពីមួយថ្ងៃទៅមួយថ្ងៃ ស្របនឹងការវិវត្តនៃភាសាជាតិខ្មែរ។ រហូត​មកដល់សព្វថ្ងៃនេះ ភាសាខ្មែរយើងត្រូវកែលំអឲ្យមានលទ្ធភាពបង្កើតជាស្នាដៃអក្សសាស្ត្រ​ច្បាស់លាស់ អាចបកស្រាយរៀបរៀងពាក្យវិទ្យាសាស្ត្រដែលសាំញ៉ាំបានទៀតផង។
៤. សាសនា
         ដើមឡើយបុព្វបុរសយើងមានជំនឿលើដូនតា អារក្សអ្នកតា។ តែក្រោយមកជាមួយ​
នឹងការធ្វើសក្ការៈគោរពបូជាដូនតា ប្រជារាស្ត្រយើងក៏បានទទួលឥទ្ធិពលសាសនា ដែល​ពួកឥណ្ឌាបាននាំចូលមក គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
         សាសនាទាំងពីនេះមានអត្ថិភាពស្របគ្នា និងជួនកាលសាសនាមួយមានប្រៀបជាង​សាសនាមួយទៀត ទៅតាមដំណាក់កាលនីមួយៗ។
         ប៉ុន្តែចាប់ពីសតវត្សទី១៣រហូតមកដល់សព្វថ្ងៃនេះ ព្រះពុទ្ធសាសនាហីនយានបានទទួលការគោរពបូជាពីប្រជារាស្ត្រខ្មែរច្រើនបំផុត។
         ជាមួយនឹងសាសនា គឺក្បាច់សិល្បះទាក់ទងសាសនា និងអាទិទេព។ ទ្រង់ទ្រាយជាសារវន្តនៃសិល្បះដែល ស្ថិតគង់វង្សរហូតមកដល់សព្វថ្ងៃនេះ គឺបដិមា អទិទេព ពុទ្ធបដិមា ប្រាង្គប្រាសាទ និងក្បាច់ចម្លាក់នៅតាមប្រាសាទនានា។ ស្នាដៃស្ថាបត្យកម្មនៅអង្គរវត្ត និងប្រាសាទបាយ័នធំសំបើម ភាពសមសួនឥតខ្ចោះគួរឲ្យស្ញប់ស្ញែងក្រៃលែង។ បដិមាមានទឹក​មុខមាំ និងស្វាហាប់។ ចំណែកចម្លាក់វិញបានបញ្ជាំងជីវភាពរបស់មាតុភូមិ និងទេពធីតា ពោពេញដោយសំរស់ប្រិមប្រីយ៍ និងកាយវិការរស់រវើក។ ទាំងអស់នេះបង្ហាញឲ្យឃើញថា​ទេពកោសល្យរបស់ស្ថាបនិក និងកំរិតសិល្បះខ្ពស់របស់សិប្បករខ្មែរ។
៥. របាំ ភ្លេង និងការកំសាន្ត
         នៅក្នុងពិធីសក្ការបូជាចំពោះអទិទេព ក៏ដូចជាពិធីផ្សេងៗក្នុងព្រះរាជវាំងដែរភ្លេង របាំ​របាំ ផ្ដល់បរិយាកាស រន្ធត់ និងរំភើប។ យើងឃើញរូបអប្សរាកំពុងរាំយ៉ាងរស់រវើកនៅតាម​ជញ្ជាំងប្រាសាទ យើងឮគេនិយាយពីឧបករណ៍ ភ្លេងដែលគេចេះប្រើតាំងពីរាប់ពាន់ឆ្នាំមក​ហើយមាន ស្គរ គងរនាត ទ្រ ចាប៉ី ឃឹម
         តាមធម្មតា ប្រជារាស្ត្រខ្មែរចូលចិត្តភ្លេង ចំរៀង របាំ និងល្បែងកំសាន។ ថ្ងៃបុណ្យ ឬ​ក្រោយពេលសំរាកពីការងារគេនាំគ្នាសប្បាយរីករាយ។ ជួនកាលគេនាំគ្នាលេងល្បែងប្រ​ជល់មាន់ ប្រណាំងទូក អុជកាំជ្រួច  ។ សិប្បករដែលសំដែងក្នុងព្រះរាជវាំង ឬនៅក្នុង​ប្រាសាទសុទ្ធតែជាសិល្បករជ្រើសរើសក្នុងចំណោមសិល្បករដែលមានប្រជាប្រិយភាពទាំងអស់។
         នៅគ្រប់សម័យកាលនៃកសាងប្រទេសជាតិ ប្រជារាស្ត្រយើងបានបង្កើតវ​ប្បធម៌ដ៏ត្រ​ចះត្រចង់មួយ គឺវប្បធម៌ខ្មែរ។ វប្បធម៌ខ្មែរ គឺជាប្រភពជំរុញយ៉ាងខ្លាំងក្លាដល់កម្លាំងប្រជា​ជាតិខ្មែរ ហើយក៏ជាមោទនភាពរបស់ប្រជារាស្ត្រខ្មែរដែរ។​
            ៦. ព្រហ្មញ្ញសាសនា និងពុទ្ធសាសនាសម័យមហានគរ
         ព.ស ១៣៤៥ ដល់ ១៩៧៥ (គ.ស.៨០២ ដល់ ១៤៣២)
         ព្រះបាទជ័យវរ្ម័នទី២ឡើងសោយរាជ្យក្នុងព.ស.១៣៤៥ (គ.ស៨០២) ទ្រង់តាំងរាជធា​នីនៅលើមហេន្ទ្របព៌ត គឺភ្នំគូលែន ទ្រង់ជាព្រះមហាក្សត្រមួយអង្គប្រសើរក្រៃលែង ទ្រង់​បានរួបរួមប្រទេសដែលបែកបាក់គ្នាជាពីរ គឺចេនឡាដីគោក និងចេនឡាដែនទឹកឲ្យទៅជា​ប្រទេសឯកភាពតែមួយឡើងក្នុងពង្សាវង្សាវតាខ្មែរ។ ព្រះរាជាអង្គនេះមិនកាន់ពុទ្ធសាសនា​ទេគឺទ្រង់កាន់សាសនាព្រាហ្មណ៍ ប៉ុន្តែពុទ្ធសាសនាថារវាទ និងមហាយាន ក៏នៅជាមួយគ្នា​ដូចដើម។
         ព្រះបាទឥន្ទ្រវរ្ម័នទី១ ឡើងសោយរាជ្យក្នុង ព.ស.១៤២០ (គ.ស.៨៧៧) ទ្រង់តាំងរាជ​ធានីនៅតំបន់រលួស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រាសាទបាគង ជាឋានព្រះហរិហរៈ ទ្រង់កាន់សាសនាព្រាហ្មណ៍ គោរពព្រះហតិហរៈតែទ្រង់ប្រាសប្រណីពុទ្ធសាសនាដែរ។ ក្នុងរជ្ជកាលព្រះអង្គគេសង្គេតឃើញពាក្យប្លែកថា (កម្ពុជៈ) នៅក្នុងសិលាចារឹកប្រាសាទព្រះ​គោកាលពីគ.ស៨៧៩ ដែលពីអតីតកាលមិនដែលឃើញពាក្យ (កម្ពុជៈ) ឬ (កម្ពុជទេស)​នេះទេ។ មានសិលាចារឹកមួយពីគ.ស៨៨៦ និយាយពីមន្ត្រីម្នាក់ឈ្មោះ សោមាទិត្យៈ បានក​សាងប្រះពុទ្ធរូបមួយព្រះអង្គ ហើយថ្វាយព្រះនាមថា (ត្រៃលោកនាថ)។ ព្រះបាទយសោ​វរ្ម័នទី១ ជាព្រះរាជបុត្រនៃព្រះបាទជ័យវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យក្នុងគ.ស៨៨៩ ហើយទ្រង់​លើករាជធានីទៅនៅទីក្រុងឈ្មោះ «យសោធរបុរៈ» គឺអង្គរធំសព្វថ្ងៃនេះ។ ព្រះរាជាអង្គនេះ​ជាពុទ្ធសាសនិកមួយអង្គដ៏ឆ្នើម ទ្រង់បាទទួលស្គាល់ពុទ្ធសាសនាមហាយានជាផ្លូវការមុនដំ​បូងបង្អស់ក្នុងប្រវត្តសាស្ត្រខ្មែរ តែទ្រង់ក៏ប្រោសរាប់អានសាសនាព្រហ្មណ៍ដូចពុទ្ធសាសនាដែរ។ ក្នុងរាជកាលនោះព្រះពុទ្ធសាសនានិងសាសនាព្រហ្មណ៍មិនមានការបៀតបៀនគ្នាទេ។ សាសនាទាំងអស់មិនសិទ្ធិ និងបុព្វសិទ្ធិដូចៗគ្នា។ រជ្ជកាលតមកព្រះរាជា ច្រើនអង្គកាន់សាសនាព្រាហ្មណ៍។
         ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឡើងសោយរាជក្នុងគ.ស.៩៤៤ ទ្រង់កាន់សាសនាព្រហ្មណ៍​ព្រះឥសូរ តែទ្រង់ប្រោសប្រាណពុទ្ធសាសនាដែរ ព្រោះមានវត្តខាងពុទ្ធសាសនាកាន់តែច្រើនឡើងៗនៅជិតព្រះរាជធានី។ គ្រានោះមានមន្រ្តីម្នាក់ជាមហាពុទ្ធសាសនិកបានកសាង​ព្រះវិហារ៣ កន្លែងនៅបាតជុំវិហាថ្វាយ ព្រះសម្មាសម្ពុទ្ធមួយថ្វាយព្រះវជ្របាណិមួយទៀត​ថ្វាយព្រះនាងប្រាជ្ញាបារមីតា។ ក្នុងរជ្ជកាលនោះសេរីភាពក្នុងការកាន់សាសនាទូលាយណាស់ ហើយនាំសានាព្រាហ្មណ៍ និងពុទ្ធសាសនាឲ្យរលាយចូលគ្នាផង។
         ព្រះបាទជ័យវរ្ម័នទី៥ រាជបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន ឡើងសោរាជ្យក្នុង គ.ស.៩៦៨ ទ្រង់​កាន់សាសនាព្រាហ្មណ៍ដូចព្រះបិតាដែរ តែរាជត្រកូល និងមន្ត្រីជាន់ខ្ពស់កាន់ពុទ្ធសាសនា ទ្រង់តែងតាំងកិរ្តិបណ្ឌិតជាប្រធានមន្ត្រី។ សិលាចារឹកនៅវត្តស្រីសន្ធរចែងថា កិរ្តិបណ្ឌិតជា​
ពុទ្ធសាសនិកដ៏មោះមុត។ សិលាចារឹកមួយនៅភូមិបន្ទាយនាងនិយាយពីការកសាងបដិមា​ប្រាជ្ញាបាររមីតាំងពីគ.ស.៩៨១ កសាងដោយមន្ត្រីឈ្មោះ តិ្រភុវនវជ្រៈ បានថ្វាយបដិមាលោកេស្វរៈក្នុងគ.ស៩៨២។​​ សិលាចារឹកនៅប្រាសាទប្រដាកចែងពីព្រះរត្នត្រ័យគឺ ព្រះពុទ្ធ ព្រះ​ធម៌ និងព្រះសង្ឍ។​
         ព្រះបាទសូរ្យវរ្ម័នទី១ ឡើងសោយរាជ្យក្នុងគ.ស.១០០២ ទ្រង់ជាបឋមក្សត្រពុទ្ធសាស​និក ដែលបានទទួលស្គាល់ព្រះពុទ្ធសាសនាជាផ្លូវការក្នុងសម័យមហានគរហើយថែមទាំង​ជួយទំនុកបំរុងពុទ្ធសាសនាទៀតផង ប៉ុន្តែមន្តី្ររបស់ព្រះអង្គឈ្នោះសង្ករបណ្ឌិត កាន់សាស​នាព្រាហ្មណ៍គោរពព្រះឥសូរ។ លោក ប្រិគ (L.Briggs) សរសេរក្នុងសៀវភៅ The ancient Khmer Empire  ថាព្រះបាទសូរ្យវរ្ម័នទី១ នេះទំនង់ជាព្រះរាជរង្សខាង ព្រះវរបិតាមានការទាក់ទងមកពីព្រះរាជានៅក្រុង តាំងព្រះលិង្គនៅជ្រាយម៉ាឡាយូ ដែលកាលនោះនៅក្នុងអំ​ណាចក្រ ស្រីវិជ័យ កោះស៊ូម៉ាត្រាខាងព្រះវរមាតាជាប់ទាក់ទងមកពីព្រះរាជវង្សសប្ដទេវកុ​លគឺព្រះនាងប្រាណ ជាអគ្គមហាសីនៃព្រះបាទរាជេន្រ្ទវរ្ម័នទី២ និងជានាយកនៃការិយា​ល័យរបស់ព្រះបាទជ័យវរ្ម័នទី៥ផង។ ក្នុងរជ្ជកាលនេះលទ្ធិមហាយានបានផ្សាយឥទ្ធិពលយ៉ាង​ខ្លាំងចូលមកប្រទេសកម្ពុជាគម្ពីរ ដីកាក្ដី គ្រូបាអាចារ្យក្ដី សុទ្ធតែចេញមកពីតាំព្រលិង្គៈ ដេល​ជាមជ្ឈមណ្ឌលផ្សាយពុទ្ធសាសនា ដែលមានឈ្មោះ «ស្រីធម៌រាជគរ» គឺគរស្រីធម្មរាជ នៅ​ប៉េកខាងក្រោយប្រទេសសៀមបច្ចុប្បន្ន។ ក្នុងរជ្ជកាលព្រះអង្គរាជអាណាចក្រខ្មែរ ធំទូ​លាយណាស់ព្រោះបានរួមទាំងពលបុរី ដែលជាអាណាចក្រមនសម័យទ្វារវតី ដែលរាប់តាំងពីថាទុង(Thanton) ប៉េគូទន្លេមេណាម និងទន្លេឥរាវតី ដែលបានកសាង​ជារាមញ្ញប្រ​ទេសឡើង។ ព្រះបាទសូរ្យវរ្ម័ន ជាព្រះរាជាមានប្រាជ្ញវៃឆ្លាតណាស់ ទ្រង់ជាពុទ្ធសាសនិកកលទ្ធិមហាយានប្រកបដោយខន្តីយ៉ាងខ្ពង់ខ្ពស់ ហើយចេះរក្សាប្រោសប្រាណពុទ្ធសាសនា​ថារវាទព្រមទាំងសាសនាព្រាហ្មណ៍ឲ្យនៅជាសុខឥតមានសៅហ្មងនឹងគ្នាឡើយ។ សិលាចា​រឹកខ្មែរនៅលពបុរី គ.ស.​១០២២ ដល់ ១០២៥ ថ្លែងថាភិក្ខុមហាយានក្ដី ភិក្ខុថារវាទក្ដីនៅជា​មួយគ្នាយ៉ាងសុខក្សេមក្សាន្ត​  ឯពួកតាបសឥសីក៏ប្រតិបត្តិលទ្ធិព្រាហ្មណ៍បានដោយសេរី ឥតមានការសង្កត់សង្កិន​គ្នាឡើយ។ មានព្រះពុទ្ធ រូបប្រក់នាគដែលពីដើមមិនធ្លាប់មាន។
         ព្រះបាទសូរ្យវរ្ម័នទី២ ឡើងសោយរាជក្នុង គ.ស.១១១៣ ទ្រង់កាន់សាសនាព្រាហ្មណ៍​គោរពព្រះវិស្ណុ ហើយប្រហែលទិវង្គតក្នុងគ.ស.១១៥០។
         ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ឡើងសោយរាជ្យក្នុង គ.ស ១១៥០ ដល់ ១១៦០ មានព្រះ​នាងស្រីជ័យរាជចូឌាមណី ជាអគ្គមហេសី មានព្រះរាជបុត្រមួយព្រះអង្គប្រកបដោយគុណ​សម្បត្តិគ្រប់ប្រការ ជាមកុដរាជកុមាទៅអនាគត គឺព្រះបាទជ័យវរ្ម័នទី៧។
 ព្រះបាទធរណិន្ទ្រវរ្ម័ន កាន់ពុទ្ធសាសនាមុតមាំណាស់ ដូចមានសិលាចារឹកនៅប្រាសាទតា​ព្រហ្មជាភ័ស្ដុតាង។
         ព្រះបាទជ័យវរ្ម័នទី៧ ឡើងសោយរាជក្នុង ព.ស.១៧២៤ (គ.ស.១១៨១) ទ្រង់ជាព្រះរាជាមាន ព្រះកិត្តិនាមល្បីល្បាញបំផុតក្នុងពង្សាវតាខ្មែរ ទ្រង់ជាពុទ្ធសាសនិកដ៏ឆ្នើម គោរព​ព្រះពោធិសត្វអវលោកិតេស្វរៈ និងព្រះប្រាជ្ញាបារមី តាមក្រសែព្រះវរបិតា សម័យនោះពុទ្ធចក្រក្ដី អាណាចក្រក្ដីចំរើនលូលាស់អស្ចារ្យណាស់។ ក្សត្រមួយអង្គៗគេលើកដំកើងថាជាទេពតាទាំងអស់ ទោះជាទីវង្គតទៅហើយក្ដីមានព្រះជន្មនៅក្ដី គឺសុទ្ធតែជាអង្គពោធិសត្វអវលោកិតេស្វរៈ ឬជាព្រះប្រាជ្ញាបារមីតា ដែលប្រកបដោយព្រហ្មវិហារធម៌។ ពិតមែនតែទ្រង់កាន់ព្រះពុទ្ធសាសនាមុតមាំ តែទ្រង់រាប់អានប្រោសប្រាណសាសនាព្រាហ្មណ៍ផងដែរ។ ទ្រង់តែងតែព្រាហ្មណ៍ ជាបុរោហិតរបស់ព្រះអង្គ។ សិលាចារឹកនៅអង្គធំចែងថា «នៅកម្ពុជា​ប្រទេសមានអ្នកប្រាជ្ញាចេះដឹងច្រើនណាស់»។ មានបដិមា២គេជឿថាបដិមា ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះអង្គមានព្រះកាយធំសក្ដិសម ព្រះកេសបួង។ បដិមាមួយនៅប្រាសាទអង្គធំ​មួយទៀតនៅប្រាសាទពិមាយ (ប្រទេសសៀម) ដែលគេយកទៅតំកល់នៅក្នុងពិធភណ្ឌស្ថានក្រុងបាងកក។
         ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នេះព្រាង្គប្រាសាទមានកំពូលខ្ពស់ត្រដូចត្រដឹស្កិម​ស្កៃ សុទ្ធសឹងអវលោកិតេស្វរៈ មានព្រះនេត្របិទពាក់កណ្ដាល សម្លឹងចុះមកក្រោមហើយ​ព្រះភក្គ្រញញឹមប្រឹមប្រិយ គន់មើលទៅហាក់បីដូចតួអង្គព្រះបាទជ័យវរ្ម័នទី៧ ដែលជាតួអង្គ​ព្រះពោធិសត្វអវលោកិតេស្វរៈហោះធ្យាន ចុះពីឋានសុខាវតីមកថ្នាក់ថ្នមបីបមថែរក្សាប្រជា​រាស្ត្រខ្មែរ ព្រមទាំងសត្វលោកឲ្យបានសេចក្ដីសុខក្សេមក្សាន្ត។ ទ្រង់បានកសាងប្រាសាទ​បន្ទាយក្ដី តាព្រហ្ម ព្រះខាន់ បាយ័ន មន្ទីរពេទ្យតាមផ្លូវធំដែលទ្រង់កសាងពីមហានគរទៅពិ​មាយ (សៀម) និងទៅប្រទេសចម្ប៉ា។ ក្រៅពីនោះទ្រង់សាងប្រាសាទវត្តនគរនៅខេត្តកំពង់​ចាម តាព្រហ្ម ទន្លេបាទី (តាកែវ) ប្រាសាទបន្ទាយឆ្មារ និងទីស្ថានដទៃទៀតច្រើនអនេក ដើម្បីឲ្យសមតាមព្រះបំណងថា «កសាងប្រទេសកម្ពុជាឲ្យក្លាយទៅជាស្ថានសួគ៌ និងកសាងប្រជារាស្ត្រខ្មែរឲ្យទៅជាទេពតា»។
         ព្រះបាទជ័យវរ្ម័នទី៧ បានសាងប្រាសាទតាព្រហ្ម ហើយឲ្យឈ្មោះថា «ព្រះរាជវហារ»ពីគ.ស.១១៨៦ ឧទ្ទិសថ្វាយព្រះពុទ្ធសាសនា ដើម្បីតំកល់បដិមាព្រះនាងជ័យរាជចូឌាមណី​ដែលជាព្រះវរមាតាទុកជាតួអង្គព្រះប្រាជ្ញបារមីតា គឺចាមាតាបង្កើតព្រះពុទ្ធ និងបដិមាមួយទៀតជាតួអង្គព្រះរាជគ្រូឈ្មោះជយមង្គលថ៌ៈ។ សិលាចារឹកនៅប្រាសាទតាព្រហ្ម ជាស្នាព្រះហស្ថព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមសូរ្យកុមារទ្រង់តែងឡើងរៀបរាប់ពីការកសាង
និងការទំនុកបំរុងវត្តនេះ បទដើមនមស្ដារសើរបារមីព្រះបាទជ័យវរ្ម័នទី៧ ដែឡជាព្រះវររាជ​បិតា។ បទនមស្ការក្នុងសិលាចារឹកចែងពីសេចក្ដីគោរពចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឍ​ហើយរៀបរាប់សម្រាប់ទំនុកបំរុងវត្តព្រះរាជវិហានេះទៀតផង។
         តមក្នុងគ.ស១១៩១ ព្រះបាទជ័យវរ្ម័នទី៧ បានសាងមហាប្រាសាទមួយទៀតឈ្មោះ​​ «ជ័យស្រី» ឧទ្ទិសថ្វាយពុទ្ធសាសនា សព្វថ្ងៃហៅថាប្រាសាទ«ព្រះខាន់» ដើម្បីតំកល់បដិមាព្រះបាទធរណីន្រ្ទវរ្ម័នទី២ ដែលជាព្រះវរបិតាទុកជាអង្គពោធិសត្វអវលោកិតេស្វរៈហើយថ្វាយនាមថា «ជយវរមេស្វរៈ»។ នៅទិសខាងកើតក្នុងរង្វង់ប្រាសាទព្រះខាន់នេះទ្រង់បាន​សង់ប្រាសាទមួយទៀតឈ្មោះ «រាជ្យស្រី» សព្វថ្ងៃហៅថាប្រាសាទ «នាគព័ន្ធ» នៅចំកណ្ដា​លស្រះ៤នៅគ្រប់ទិស។​ទ្រង់បានកសាងសាលាសំណាក់តាមថ្នល់ពីក្រុងយសោធរបុរៈទៅ​រាជធានីចម្ប៉ា៥៧សាលា។ ពីក្រុងយសោធបុរៈទៅពិមាយ១៧សាលា។ ពីក្រុងយសោធរបុរៈទៅក្រុងជយវតី ជយសិង្ហវតី ជយវីរវតី​ ជយរាជគិរីតាមថ្នល់១៤សាលា។ សាលាមួយនៅ​ក្រុងស្រីសូរ្យបព៌ត មួយនៅក្រុងស្រីវិជយាទិត្យបុរៈមួយនៅក្រុងកល្យាណសិទ្ធកៈ។ រួមទាំង​អស់១២១សាលា។ មានបញ្ជីរាយនាមព្រះពុទ្ធរូបធ្វើពីមាស ប្រាក់ សំរិទ្ធិ ថ្មចំនួន២០,៤០០អង្គ នៅគ្រប់ខេត្តក្នុងព្រះរាជាណាចក្រព្រះអង្គ។
                                    ព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មឈ្មោះស្រីសូរ្យភដ្តៈជាដើម ព្រះរាជានៃជវៈ(ជ្វា) ព្រះ​រាជានៃវនៈ(យួន) ព្រះរាជាទាំងពីរអង្គនៃចម្ប៉ា(ចាម) យួន ភូមា និងមនផង។
         នៅក្នុងសិលាចារឹក មានរៀបរាប់ពីការសង់មន្ទីរពេទ្យ ១០២ការឧបត្ថម្ភក្នុងមន្ទីរពេទ្យ​ មានគ្រូពេទ្យ មានគិលានុប្បដ្ឋាយិកា ។ ក្រោយអធិបតីភាពនៃគ្រូពេទ្យឈ្មោះ «វៃ ទូរ្យ​ប្រភា» និងបុត្រារបស់ព្រះអង្គ២រូបទៀតគឺ សូរ្យវៃរោចនៈ និងចន្ទ្រវៃរោចនៈ។ ក្រៅពីនេះរៀបរាប់ពីអាហារភោជន និងថ្មាំកែរោគ។ ព្រះអង្គយល់ថាទុក្ខរបស់ប្រជារាស្ត្រជាទុក្ខរបស់អ្នកគ្រប់គ្រងទាំងឡាយ។ ទ្រង់តាំងព្រះទ័យប្រកបដោយមេត្តា ករុណា ដ៏ជ្រាលជ្រៅថា «សូមឲ្យខ្ញុំចម្លងសព្វសត្វទាំងអស់ ដែលលិចលង់ក្នុងសាគរវាលវដ្ដសង្សារ គឺត្រៃពភនេះ (ទៅដាក់ដល់ត្រើយត្រាណអមតមហានិព្វាន) សោយតេជកុសលដែលខ្ញុំបានកសាងនេះកុំបីខានឡើយ»។
         លោកសឺដែសរៀបរាប់ថា ក្នុងចុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះមហានគរលើក​ដំកើនព្រះកិត្តិយស ដោយតំកល់ព្រះបដិមាព្រះអង្គបានសាងប្រាសាទបាយ័ន ឧទ្ទិសថ្វាយ​ពុទ្ធសាសនានៅចំកណ្ដាលព្រះអង្គជាតួអង្គ«ពុទ្ធរាជ» ជំនួសអង្គរ «ទេវរាជ» ពីបុរាណកាល​ហើយសូម្បីព្រះពោធិសត្វលោកេស្វរៈ ដែលនៅគ្រប់កំពូលច្រូងច្រាង បែរព្រះភក្ត្រញញឹម​ទៅទិសទាំង៤ ក៏ទុកជាតួអង្គរបស់ទ្រង់ដែរ។ សិលាចារឹកប្រាសាទបាយ័ន បញ្ជាក់ថា ប្រា​
សាទនេះជាមជ្ឈនណ្ឌលគោរពសាកលទេពបូជា នៃព្រះរាជវង្សានុវង្ស​ និងខេត្តខ័ណ្ឌដែន​សីមានានានៃប្រទេសគឺ មហានគរដែលមានកំពែង១២គីឡូម៉ែត្រជុំវិញមានភ្នំជមជ្ឈមណ្ឌ​លទុកជាតួសកលោក ឯប្រាសាទបាយ័នទុកជាតួព្រះរាជាណាចក្រ(គឺប្រាង្គកណ្ដាលខ្ពស់​ទុកជារាជធានី ប្រាង្គជុំវិញជាខេត្តនានា) ជាសញ្ញានៃការទាក់ទងមនុស្ស លោក និងទេវលោក។
         ព្រះបាទជ័យវរ្ម័នទី៧នេះ បានបញ្ជូនព្រះរាជបុត្រទៅសិក្សាវិជ្ជា ព្រះពុទ្ធសាសនាហើយបព្វជ្ជានៅវត្តមាហារនាកោះស្រីលង្កាក្នុងគ.ស ១១៨០ ដល់ ១១៩០។ ពង្សាវតារភូមា​(ចុងវង្សរ និយាយថា«មានសាមណេរមនមួយអង្គឈ្មោះ«ឆតបៈ» អាយុ២០ឆ្នាំចេញទៅរៀននៅកោះស្រីលង្កា១០ឆ្នាំ ហើយត្រឡប់មកប្រទេសភូមាវិញពីព.ស.១៧៣៣ ជាមួយភិក្ខុឯទៀត៤អង្គមួយឈ្មោះ«តាមលិន្ទៈ» ជាព្រះរាជបុត្រនៃព្រះហាក្សត្រប្រទេសកម្ពុជា»។ ភិក្ខុតាមលិន្ទៈនេះប្រាកដចាព្រះរាជបុត្រនៃព្រះបាទជ័យវរ្ម័នទី៧។ សេចក្ដីនេះហើយ ដែល​នាំឲ្យអ្នកប្រាជ្ញពង្សារតាយល់ច្រឡំថា ភិក្ខុតាមលិន្ទៈនាំពុទ្ធសាសនាថេរវាទលង្ការង្ស ចូល​មកផ្សាយក្នុងប្រទេសកម្ពុជាមុនគេបង្គស់ក្នុងពង្សាវតាខ្មែរ។ តាមពិតពុទ្ធសាសនាថេរវាទបា​នចូលមកប្រទេសកម្ពុជាតាំងពីសម័យនគរភ្នំម្លេះ ហើយមិនដែលសាបសូន្យបាត់បង់ក្នុងកាលណាទេ គ្រាន់តែខ្សោយឥទ្ធិពលក្នុងកាលខ្លះដែលព្រឹត្តិការណ៍ប្រទេសផ្លាស់ប្ដូរ គឺចួនកាលព្រះរាជា និងមន្ត្រីខ្លះប្ដូរជំនឿសាសនា។ អ្នកខ្លះយល់ថា ពុទ្ធសាសនាថេរវាទផ្សាយមកពីប្រទេសសៀមកាលពីគ្រិស្តសករាជទី៩ឬទី១០។ ប៉ុន្ដែប្រទេសសៀមទើបមានរូបរាងរដ្ឋសៀមឡើងក្នុងគ្រិស្តសករាជទី១៣។
         ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នេះប្រទេសខ្មែរចំរើនរុងរឿងដល់ថ្នាក់ខ្ពស់បំផុតសមដូចឯកសារលោក ជិវ តាក្វាន់ ជារាជទូតព្រះចៅក្រុងចិន ដែលមកកាន់មហានគរនៃប្រទេសខ្មែរក្នុងព.ស.១៨៩៣ (គ.ស.១២២៩៦) បានធ្វើសេចក្ដីរាយការណ៍ថា«កាំង ប៊ូ ចេ(កម្ពុជា) ចំរើនលូតលាស់ណាស់ ឃើញមានភិក្ខុកោរព្រះកេសប្រដាប់ត្រៃចីពរពណ៌លឿង​គ្រងចីពរដពណ៌លឿង គ្រងចីពរឆៀងស្មាឆ្វេង ស្មាស្ដាំទំនេរដើរជើងទទេវិហារប្រកក្បឿង ក្នុងវិហារមានព្រះពុទ្ធរូបសក្រមុនីធ្វើពីសំរិទ្ធិ មិនមានជួងស្គរទេ ឆាន់ត្រីសាច់ មិនឆាន់សុរាទេ ឆាន់មួយថ្ងៃតែម្ដង វត្តមិនមានផ្ទះបាយទេ ភិក្ខុសាមណេរ​ និមន្តបិណ្ឌបាទសូត្រធម៌ គម្ពីរដីកាចារដាក់ស្លឹករឹត ព្រះរាជាទ្រង់ពិគ្រោះកិច្ចការធំៗ ជាមួយភិក្ខុសង្ឃមិនមានភិក្ខុនីទេ»។ នៅក្នុងប្រវត្តសាស្ត្រខ្មែរយើងគោរពសរសើរ ព្រះបាទជ័យវរ្ម័នទី៧ថា​ជាមហារាជដ៏ឆ្នើម ដូចព្រះបាទធម្មាសោកព្រះអង្គដោយឥតមាន ប្រកាន់វណ្ណៈពូជសាសន៍ឡើយ។
         ព្រះបាទស្រីន្រ្ទវរ្ម័ន (ឥន្ទ្រវរ្ម័នទី៣) ឡើងសោយរាជនៅក្រុងយសោធបុរៈ
ក្នុងគ.ស.១១៩៦ ទ្រង់ជ្រះថ្លាក្នុងពុទ្ធសាសនា បានថ្វាយគ្រាបមួយសម្រាប់កសាងវត្តអារាម​ថ្វាយព្រះពុទ្ធសាសនា ក្រោយមកទំនងជាទ្រង់ដាក់រាជ្យថ្វាយព្រះរាជបុត្រ រួចចេញសាង អភិនិស្ក្រមណ៍។ ក្នុងរជ្ជកាលនេះ កើតមានសិលាចារឹកជាភាសាបាលីមុនដំបូងគេបង្គស់ក្នុងប្រវត្តពុទ្ធសាសនាថេរវាទចេះចម្រើនរុងរើងរហូត។ តពីររជ្ជកាលព្រះបាទស្រីន្ទ្រវរ្ម័នមក រវាងគ្រិស្ដសតវត្សទី១៤ ប្រទេសកម្ពុជាមានគ្រោះថ្នាក់ធំចុះរោយរៀវបន្តិចម្ដងៗរៀងមក ដោយសារចម្បាំងរាំងជលមិនដែលស្រាកស្រាន្ត បណ្ដោយឲ្យបាត់បង់សិលាចារឹកគម្ភីរក្បូន​ច្បាប់ ពង្សាវតាពីបុរាណទាំងប៉ុន្មាន រហូតដល់ពាក់កណ្ដាលគ.ស.១៤៣១ ទើបព្រះបាទពញ្ញាយ៉ាតលះបង់មហានគរមកគង់នៅស្រីសន្ធរ ហើយតមកទៀតនៅក្រុងភ្នំពេញសព្វថ្ងៃ។
         ព.ស.១៩៧៥ ដល់ ២៥០០ (គ.ស១៤១៣ ដល់ ១៩៥៧) ក្រោយសម័យមហានគរមក​ព្រះពុទ្ធសាសនាថេរវាទ បានចំរើនលើទឹកដីខ្មែរឥតប្រែប្រួលចាក់ឬសគល់មាំរហូតមក។ ឯសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមហាយាន មិនសូវមានគេនិយមរាប់អានក៏សាបអន់ឥទ្ធិពលបន្តិចម្ដងៗ នៅសល់តែបុរាណដ្ឋានជាតំណែងពាសពេញប្រទេស។ វត្តសាសនាព្រាហ្មណ៍ ពីអតីតកាលក៏ក្លាយទៅជាវត្តពុទ្ធសាសនាថេរវាទ ទាំងអស់ក្នុងបច្ចុប្បន្ននេះ។
       ៧. ព្រះសន្តតិវង្សខ្មែរជាប់ខ្សែវរ្ម័ន
         ក្នុងសម័យអង្គរ មានព្រះមហាក្សត្រជាប់ខ្សែវរ្ម័នទាំងអស់ចំនួន២៧ព្រះអង្គ ដែលទ្រង់​មានព្រះនាមដូចតទៅនេះ៖
                 ១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២ ដល់ ៨៥០)
  ២. ព្រះបាទជ័យវរ្ម័នទី៣ (គ.ស ៨៥០ ដល់ ៨៧៧)
  ៣. ព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស ៨៥០ ដល់ ៨៧៧)
                 ៤. ព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩ ដល់ ៩១០)
                 ៥. ព្រះបាទហស៌វរ្ម័នទី២ (គ.ស ៨០២ ដល់ ៨៥០)
  ៦. ព្រះបាទឦសានវរ្ម័នទី២ (គ.ស ៩២២ ដល់ ៩២៨) (ឆ្នាំ ៩២១ ប្អូនថ្លៃស្ដេច
យសោវរ្ម័នទី១ ព្រះនាមជ័យវរ្ម័នទី៤ បានងើបឡើងប្រឆាំង និងក្មួយឯងដណ្ដើមរាជ្យ)
                       ៧. ព្រះបាទជយវរ្ម័នទី៤ (គ.ស ៩២៩ ដល់ ៩៤២)
                       ៨. ព្រះបាទហស៌វរ្ម័នទី២ (គ.ស ៩៤២ ដល់ ៩៤៤)
                       ៩. ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស ៩៤៤ ដល់ ៩៦៨)
                       ១០. ព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៩ ដល់ ១០០០)
                       ១១. ព្រះបាទឧទយាទិត្យវរ្ម័នទី១ (គ.ស ១០០១ ដល់ ១០០២)
                       ១២. ព្រះបាទសូរ្យវរ្ម័ន (គ.ស ១០០២ ដល់ ១០១០)
                       ១៣. ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០១០ ដល់ ១០៥០)
                       ១៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (គ.ស ១០៥០ ដល់ ១០៦៦)
                       ១៥. ព្រះបាទហស៌វរ្ម័នទី៣ (គ.ស ១០៦៦ ដល់ ១០៨០)
                       ១៦. ព្រះបាទជ័យវរ្ម័នទី៦ (គ.ស ១០៨០ ដល់ ១១៧០)
                       ១៧. ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (គ.ស ១១០៧ ដល់ ១១១៣)
                       ១៨. ព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១២ ដល់ ១១៥០)
                       ១៩. ព្រះបាទធរណិន្ទ្រវរ្ម័នទី២ (គ.ស ១១៦២ ដល់ ១១៦៣) (ជាព្រះរាជបិតា​ព្រះបាទជ័យវរ្ម័នទី៧)
                       ២០. ព្រះបាទយសោវរ្ម័នទី២ (គ.ស ១១៥០ ដល់ ១១៦៥)
                       ២១. ព្រះបាទត្រីភូវនាទិត្យវរ្ម័ន (គ.ស ១១៦៥ ដល់ ១១៧៧)
                       ២២. ព្រះបាទជ័យវរ្ម័នទី២ (គ.ស ១១៨១ ដល់ ១២១៩)
                       ២៣. ព្រះបាទឥន្ទ្រវរ្ម័នទី២ (គ.ស ១២៣០ ដល់ ១២៤៣)
                       ២៤. ព្រះបាទជ័យវរ្ម័នទី៨ (គ.ស ១២៤៣ ដល់ ១២៩៥)
                       ២៥. ព្រះបាទស្រិន្រ្ទវរ្ម័ន ឬឥន្ទ្រវរ្ម័នទី៣) (គ.ស ១២៩៥ ដល់ ១៣០៧)
                       ២៦. ព្រះបាទស្រិន្ទ្រជ័យវរ្ម័ន (គ.ស ១៣០៧ ដល់ ១៣២៧)
                       ២៧. ព្រះបាទជ័យវម៌ាទិបរមេស្វរៈ ជ័យវរ្ម័នទី៩ (គ.ស ១៣២៧ ដល់ ១៣៥៣)
            ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ឃើញនូវការបញ្ជូលទីក្រុង ល្វ ឬ លពបុរី ទៅក្នុ្ងងចក្រភពខ្មែរដោយព្រះបាទសូរ្យវរ្ម័នទី១។ ធ្វើឲ្យរដ្ឋរបស់ជនជាតិមែន ដែលត្រូវជាបងប្អូន​ឬជាជនជាតិរួមឈាមជ័រជាមួយខ្មែរ។ បញ្ជូលទៅក្នុងសមាភាពនៃព្រះរាជាណាចក្រកម្ពុជា​រូចក្លាយជាតំបន់ដែលមានពហុវប្បធម៌ ឬវប្បធម៌ខ្មែរមន ម្យ៉ាងការរកឃើញកាក់ដែលមាន​ឈ្មោះស្តេចមន គឺព្រះបាទទ្វារវតី នៅវ្យាធបុរៈ ឬអង្គរបុរី មិនមែនមានន័យថានេះជាទីក្រុង​របស់ជនជាមនឡើយ។
សេចក្ដីសន្និដ្ឋាន
            តាមការសិក្សារអំពីការគ្រប់គ្រងរដ្ឋសម័យអង្គរ យើងសង្កេតឃើញថា ពិតជាស្នាដៃ​ធំធេងពិតប្រាកដមែនតាមរយៈសំណង់ប្រវត្តសាស្ត្រ ពិតជារាជធានីអង្ករដែលត្រូវបានចាត់​បញ្ចូលជាបិតិកភ័ណ្ឌពិភពលោក ហើយស្នាដៃទាំងនេះទទួលបានការចាប់អារម្មយ៉ាងខ្លាំង​ពីអ្នកប្រាជ្ញជាច្រើន ដើម្បីការសិក្សារសាវជ្រាវអំពីមរតករប្បធម៌ ដ៏មានតំលៃនេះ។ ជាភស្តុតាង តាមរយៈសិលាចរឹកនៅតាព្រហ្ម គ្រាន់តែសំណង់ប្រាសាទតាព្រហ្មមួយត្រូវការមនុស្ស​និងធនធានយ៉ាងច្រើននៅចុះទំរាំប្រាសាទរាប់ពាន់ តើមានប្រជាជន និងធនធានសំបូរបែប​កំរិតណា?
















































































រូបភាព និងប្រាសាទនានាដែលកសាងក្នុងសម័យអង្គរ
ប្រាសាទបក្សីចាំក្រុង
កសាងដោយ ព្រះបាទហ៌សវរ្ម័នទី១
ប្រាសាទបាយ័ន
កសាងដោយ ព្រះបាទជ័យវរ្ម័នទី៧
ប្រាសាទបន្ទាយសំរ៉ែ
កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី២
ប្រាសាទភ្នំជីសូរ
កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១
 



















































































































ឯកសារយោង

Ø   ឯកសារពីគ្រោះមេរៀនប្រវត្តសាស្ត្រថ្នាក់ទី៦ ទី៨ ទី៩ និងទី១១ក្រសួងអប់យុវជននិងកីឡា មករា ១៩៩៥។
Ø   សៀវភៅ « ប្រវត្តសាស្ត្រខ្មែរ ភាគ១ និងភាគ២» (ត្រឹង ងា) ព.ស ២៥១៧ គ.ស ១៩៧៣។
Ø   សៀវភៅ«ប្រវត្តសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា»                          (សាស្ត្រាចារ្យ ឥន្ទ ឳមសាម៉េង) ទំ.៩៧ ដល់ ១១៣។
Ø   សៀវភៅ« សុបិន និង ការពិត ភាគ១» (វ៉ាន់ឌី កាអុន) ។
Ø   ឯកសារមហាបុរសខ្មែរលេខ៤ បោះពុម្ភផ្សាយដោយលោកអេងសុតនៅភ្នំ​ពេញ គ.ស.១៩៦៩។












សូមអរគុណ!











1 comment:

  1. បង(អារម្ភកថា)ធ្វើមិច

    ReplyDelete