អៀង សារី |
" អៀង សារី"
តើ អៀង សារី មានប្រវត្តិយ៉ាងណា? អៀង សារី គឺជាមេដឹកនាំខ្មែរក្រហមដែលចេញមុខចេញមាត់ជាសាធារណៈច្រើនជាងគេព្រោះគាត់គឺជាអ្នកទទួលបន្ទុកកិច្ចការបរទេស។អៀង សារី ជាសមាជិកគណៈ
អចិន្រ្តៃយ៍ ដែលជាស្ថាប័នមានអំណាចកំពូល
ក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម អៀង សារី គឺជាមនុស្សស្និទ្ធនឹង ប៉ុល ពត ជាងគេ។
អៀង សារី និង ប៉ុល ពត បានស្គាល់គ្នា និងជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធនឹងគ្នា តាំងពីពេលរៀននៅភ្នំពេញ រហូតបានអាហាររូបករណ៍ទៅរៀន នៅប្រទេសបារាំងជាមួយគ្នា។ ប្រពន្ធរបស់ អៀង សារី និងប្រពន្ធរបស់ ប៉ុល ពត គឺជាបងប្អូនបង្កើតនឹងគ្នា។ ក្រោយពេលវិលត្រឡប់ពីប្រទេសបារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅក្នុងផ្ទះជាមួយគ្នា នៅក្រុងភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបានគេស្គាល់ថា ជាមេដឹកនាំលំដាប់ទីបី នៃរបបខ្មែរក្រហម បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។
- តើ អៀង សារី ជានរណា?
អៀង សារី
មានឈ្មោះកំណើតថា គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅខេត្តត្រាវិញ
កម្ពុជាក្រោម។ គីម ត្រាង ត្រូវបានឳពុកម្តាយ ប្តូរឈ្មោះមកជា អៀង សារី
នៅពេលមករៀននៅកម្ពុជា ដើម្បីឲ្យមានសូរសៀងជាឈ្មោះខ្មែរ។ អៀង សារី
បានបន្ថយអាយុបួនឆ្នាំ ដោយប្តូរឆ្នាំកំណើតពី១៩២៥ មក ១៩២៩វិញ
ដើម្បីបានចូលរៀននៅសាលាបឋមសិក្សា។
នៅឆ្នាំ១៩៤៥
អៀង សារី បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ អៀង សារី
បានប្រឡូកចូលក្នុងនយោបាយ នៅឆ្នាំ១៩៤៦
ដោយបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណានិគមបារាំង។
មួយឆ្នាំក្រោយមក អៀង សារី បានជួបជាមួយ សាឡុត ស ពេលដែល សាឡុត ស
បានវិលត្រឡប់ពីអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម
មករៀននៅសាលាបច្ចេកទេស ហៅ “សាលាដែក” ក្នុងខ័ណ្ឌឫស្សីកែវ។ អៀង សារី និង
សាឡុត ស ក៏បានរាប់អានគ្នាជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធ។ យោងតាម
លោកកេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី
បានចូលរួមយ៉ាងសកម្មជួយគណបក្សប្រជាធិបតេយ្យ
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឆ្នាំ១៩៤៧។
នៅឆ្នាំ១៩៥០
អៀង សារី ទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីស ប្រទេសបារាំង ពោលគឺ
មួយឆ្នាំក្រោយសាឡុត ស។ អៀង សារី ក៏មិនខុសពី សាឡុត ស ប៉ុន្មានដែរ
បានទទួលអាហារូបករណ៍ ចេញទៅរៀននៅប្រទេសបារាំង
ដោយសារពួកគេគឺជាសកម្មជនគណបក្សប្រជាធិបតេយ្យ ដែលពេលនោះ
កាន់កាប់ក្រសួងអប់រំជាតិ។
ក៏ប៉ុន្តែ
ផ្ទុយពី សាឡុត ស
ដែលទទួលបានអាហារូបករណ៍ទៅរៀនផ្នែកបច្ចេកទេសអេឡិចត្រូនិច អៀង សារី
បានទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ
ដើម្បីប្រឡងយកសញ្ញាប័ត្របាក់ឌុប។ ឯកសារជាច្រើនបានសរសេរថា
ក្រោយពីប្រឡងបាក់ឌុបជាប់ហើយ អៀង សារី
បានទៅរៀននៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីស (Institut d’Etudes
Politiques de Paris)។ ក៏ប៉ុន្តែ
នៅក្នុងបញ្ជីឈ្មោះអតីតនិស្សិតដែលបញ្ចប់ការសិក្សាទទួលបាន
សញ្ញាប័ត្រពីវិទ្យាស្ថាននេះ គេមិនឃើញមានឈ្មោះ អៀង សារី នោះទេ។
នេះមានន័យថា អៀង សារី រៀនមិនបានចប់
ទទួលសញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តនយោបាយ ពីវិទ្យាស្ថាននេះទេ។
មិនយូរប៉ុន្មាន
ក្រោយពីបានមកដល់ក្រុងប៉ារីស អៀង សារី និងមិត្តភ័ក្តិម្នាក់ទៀត គឺ
រ័ត្ន សាមឿន
ក៏បានផ្តួចផ្តើមគំនិតបង្កើតក្រុមនិស្សិតកុម្មុយនិស្តមួយក្រុម
ដែលមានឈ្មោះថា “ក្រុមម៉ាក់ស៊ីស”។
ក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកកេង វ៉ាន់សាក់។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោកកេង វ៉ាន់សាក់
ដែលធ្លាប់ស្គាល់ អៀង សារី យ៉ាងច្បាស់តាំងពីកាលនៅភ្នំពេញ
បានអះអាងថា អៀង សារី គឺជាមនុស្សមានចរិតកោងកាច និងផ្តាច់ការ។
អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធិ នៅឆ្នាំ១៩៥១ នៅពេលកំពុងរៀននៅប៉ារីស។
នៅឆ្នាំ១៩៥២
ក្រោយពីរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានកាត់ផ្តាច់អាហារូបករណ៍ អៀង
សារី រួមជាមួយមិត្តភ័ក្តិមួយចំនួនទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម
បានសម្រេចចិត្តបន្តស្នាក់នៅប្រទេសបារាំងតទៅទៀត។ ចំណែកឯ សាឡុត ស និង
រ័ត្ន សាមឿន ដែលជាដៃគូរបស់ អៀង សារី
បានវិលត្រឡប់មកប្រទេសកម្ពុជាវិញមុន។
នៅឆ្នាំ១៩៥៧
ទើបអៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពីប្រទេសបារាំងវិញ
ហើយបានទៅរស់នៅក្នុងផ្ទះជាមួយគ្នានឹង សាឡុត ស និងខៀវ ប៉ុណ្ណារី
ដែលត្រូវជាបងស្រីបង្កើតរបស់ អៀង ធីរិទ្ធិ។
អៀង សារី
បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ
“វិទ្យាល័យកម្ពុជបុត្រ”។ ក្នុងពេលជាមួយគ្នា អៀង សារី
បានលបលួចធ្វើការដោយសម្ងាត់ឲ្យពួកកុម្មុយនិស្ត
ដែលពេលនោះបានបង្កើតបក្សមួយដាក់ឈ្មោះថា “ប្រជាជន”
ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។
នៅខែកញ្ញា
ឆ្នាំ១៩៦០ អៀង សារី បានក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍បក្សពលករកម្ពុជា
អតីតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ នៅពេលនោះ
ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ អៀង សារី គឺជាមនុស្សតែម្នាក់គត់
ដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន។ ការណ៍ដែល អៀង សារី
បានចូលក្នុងស្ថាប័នកំពូលនៃបក្សកុម្មុយនិស្តនៅពេលនោះ
ប្រហែលដោយសារតែ អៀង សារី គឺជាមិត្តភ័ក្តិរបស់ សាឡុត ស ដែលនៅពេលនោះ
គឺជាមេដឹកនាំលំដាប់ទីបី ក្នុងបក្ស និងជាជំនួយការផ្ទាល់របស់ ទូ
សាមុត ដែលជាលេខាបក្ស។
នៅក្រោយពេល
ដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បានក្លាយជាលេខាបក្ស នៅខែកុម្ភៈ
ឆ្នាំ១៩៦៣ អៀង សារី ក៏បានឡើងជាមេដឹកនាំលំដាប់ទីបី បន្ទាប់ពី នួន ជា
ដែលជាអនុលេខាបក្ស។ នៅឆ្នាំដដែលនោះ អៀង សារី បានរត់ចេញពីភ្នំពេញ
ទៅលាក់ខ្លួនក្នុងព្រៃជាមួយ សាឡុត ស។ គេសង្កេតឃើញថា ជាទូទៅ អៀង សារី
តែងតែនៅជាប់ជាមួយនឹង សាឡុត ស។ នៅពេលដែល សាឡុត ស ទៅលាក់ខ្លួនក្នុង
មន្ទីរ១០០ ក្នុងស្រុកក្រូចឆ្មារ អៀង សារី ក៏នៅទីនោះដែរ។ អៀង សារី
បានប្រើឈ្មោះបដិវត្តន៍ថា “មិត្តវ៉ាន់”។
ភាគទី ២
ដូចដែលលោក
អ្នកស្តាប់បានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុន ថា អៀង សារី
គឺជាមនុស្សស្និទ្ធនឹង ប៉ុល ពត បំផុត។
អតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនេះបានស្គាល់
និងរាប់អានគ្នាជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៤៧
មុនពេលពួកគេចេញទៅរៀននៅប្រទេសបារាំងម្ល៉េះ។ អៀង សារី
តែងតែទៅណាមកណាជាប់ជាមួយ ប៉ុល ពត ជានិច្ច។ ពេល ប៉ុល ពត
ឡើងធ្វើជាលេខាបក្សកុម្មុយនស្ត អៀង សារី
ឡើងជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ ពេល ប៉ុល ពត
ឡើងធ្វើជានាយករដ្ឋមន្រ្តី អៀង សារី ក៏ឡើងជាឧបនាយករដ្ឋមន្រ្តី។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី
បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលកៀងគរបញ្ញវន្តខ្មែរពីបរទេសយកទៅ
សម្លាប់។
នៅក្រោយ
រដ្ឋប្រហារឆ្នាំ១៩៧០ អៀង សារី
ត្រូវបានតែងតាំងឲ្យធ្វើជាប្រេសិតពិសេសទទួលបន្ទុកផ្នែកទំនាក់ទំនង
រវាងសមរភូមិមុខនៅកម្ពុជា និងសម្តេច នរោត្តម សីហនុ
ប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិ ដែលមានស្នាក់ការនៅទីក្រុងប៉េកាំង។
ក៏ប៉ុន្តែ យោងតាមលោកស្រី Elizabeth Becker តួនាទីពិតរបស់ អៀង សារី
នៅពេលនោះ គឺឃ្លាំមើលសកម្មភាពរបស់សម្តេច នរោត្តម សីហនុ។
នៅពេលដែល
កងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ មេសា ១៩៧៥
អៀង សារី កំពុងស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ មួយសប្តាហ៍ក្រោយមក
ទើបអៀង សារី ធ្វើដំណើរពីហាណូយមកដល់ភ្នំពេញ។ អៀង សារី
ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស
នៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ជំនួស សារិន ឆាក។
ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង
នៅឆ្នាំ១៩៧៦ អៀង សារី បានក្លាយជាឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការបរទេស។ អៀង សារី គឺជាមនុស្សតែម្នាក់គត់
ដែល ប៉ុល ពត
មានទំនុកចិត្តឲ្យធ្វើជាតំណាងបដិវត្តន៍នៃកម្ពុជាប្រជាធិបតេយ្យ
នៅលើឆាកអន្តរជាតិ។
យោងតាម
សក្ខីកម្មនៃបញ្ញវន្តខ្មែរមួយចំនួន ដែលបានរួចជីវិតពីរបបខ្មែរក្រហម
ដូចជាលោក ពិន យ៉ាថៃ និង អ៊ុង ធុងហឿង ជាដើម អៀង សារី
ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស គឺជាអ្នកបញ្ចុះបញ្ចូលបញ្ញវន្តខ្មែរ
ដែលកំពុងនៅក្រៅប្រទេស ជាពិសេស នៅប្រទេសបារាំង
ឲ្យវិលត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីជួយកសាងប្រទេស។ បញ្ញវន្តខ្មែរ
វិលត្រឡប់មកប្រទេសកម្ពុជាតាមការបញ្ចុះបញ្ចូលនេះ
ភាគច្រើនសុទ្ធតែត្រូវបានខ្មែរក្រហម យកទៅសម្លាប់ចោល។
នៅក្នុងពេល
ដែលប្រជាជនកម្ពុជា រាប់លាននាក់ត្រូវបានពួកខ្មែរក្រហម
ជម្លៀសចេញពីទីក្រុងឲ្យទៅធ្វើស្រែចម្ការ ពង្រាត់ប្រពន្ធពីប្តី
កូនពីឳពុកម្តាយ ឲ្យទៅនៅតាមកងចល័ត ឬតាមសហករណ៍ផ្សេងៗគ្នា
ក្រុមគ្រួសាររបស់ អៀង សារី បែរជារស់នៅជួបជុំគ្នា
ក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃក្នុងទីក្រុងភ្នំពេញ មានទឹក មានភ្លើង
មានអ្នកបើកឡាន មានអង្គរក្ស និងអ្នកបម្រើឆ្វេងស្តាំទៅវិញ។
យោងតាម
លោកស្រី Elizabeth Becker កូនៗរបស់ អៀង សារី
ដែលរៀនមិនទាំងបានសញ្ញាបត្រអ្វីធំដុំផងនោះ
សុទ្ធតែបានធ្វើជាកម្មាភិបាលខ្មែរក្រហម ដូចជា
កូនស្រីច្បងធ្វើជាគ្រូពេទ្យ កូនស្រីពីរទៀតធ្វើជាឱសថការី
និងកូនប្រុសធ្វើជាអ្នកបើកយន្តហោះ។ នេះឬ ជាសង្គមស្មើភាព
គ្មានអ្នកមាន គ្មានអ្នកក្រ គ្មានអ្នកជិះជាន់គេ
និងគ្មានអ្នកដែលត្រូវគេជិះជាន់
ដែលក្រុមមេដឹកនាំខ្មែរក្រហមតែងតែប្រកាសក្តែងៗនោះ?
ក្រោយពីរបប
កម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ អៀង សារី
ក៏ដូចជាមេដឹកនាំខ្មែរក្រហមផ្សេងៗទៀតដែរ
បានទៅបង្កើតចលនាតស៊ូប្រដាប់អាវុធ នៅតាមបណ្តាយព្រំដែនខ្មែរ-ថៃ
ដើម្បីប្រឆាំងនឹងវត្តមានកងទ័ពវៀតណាម
និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ក្នុងចំណោម
មេដឹកនាំខ្មែរក្រហមទាំងអស់ អៀង សារី
គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានតុលាការប្រជាជនបដិវត្តន៍កម្ពុជា
កាត់ទោសជាមួយ ប៉ុល ពត ពីបទប្រល័យពូជសាសន៍។
ចាប់ពី
ឆ្នាំ១៩៧៩មក អៀង សារី
លែងសូវចេញមុខចេញមាត់តំណាងខ្មែរក្រហមដូចមុនទៀតហើយ
ដោយទុកនាទីជាអ្នកនាំពាក្យឲ្យ ខៀវ សំផន ជាអ្នកទទួលខុសត្រូវវិញ។
នៅឆ្នាំ១៩៩៦
អៀង សារី បានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមខ្មែរក្រហម
ហើយចុះចូលជាមួយរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានោះ អៀង សារី
បានចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រកាន់ សាឡុត ស ហៅ ប៉ុល ពត
ដែលត្រូវជាបងថ្លៃ
និងធ្លាប់ជាមិត្តភ័ក្តិចិត្តមួយថ្លើមមួយរបស់ខ្លួននោះ
ថាជាមនុស្សផ្តាច់ការ។ អៀង សារី បានលើកឡើងទៀតថា
ក្នុងរយៈពេលដែលខ្មែរក្រហមកាន់អំណាច ប៉ុល ពត
គឺជាអ្នកសម្រេចរាល់កិច្ចការអ្វីៗទាំងអស់
រួមទាំងការជម្លៀសប្រជាជនចេញពីទីក្រុង ការកាប់សម្លាប់បញ្ញវន្តខ្មែរ
ដោយចោទថាជាភ្នាក់ងារចារកិច្ចបរទេស និងការកម្ចាត់
បោសសម្អាតបក្សកុម្មុយនិស្តកម្ពុជា។
អៀង សារី
បានបញ្ជាក់ថា ដោយមកពីមើលឃើញការដឹកនាំបែបផ្តាច់ការរបស់ ប៉ុល ពត
នេះហើយ
ទើបគាត់សម្រេចចិត្តផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា។
ក៏ប៉ុន្តែ បើ ប៉ុល ពត គឺជាមនុស្សតែម្នាក់ដែលដឹកនាំបែបផ្តាច់ការ
សម្លាប់មនុស្ស ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយ អៀង សារី
ជាអ្នកប្រឆាំងនឹងការសម្លាប់មនុស្សពិតមែន
ហេតុអ្វីបានជាក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ នៅឆ្នាំ១៩៧៩ អៀង
សារី នៅតែបន្តធ្វើជាមេដឹកនាំខ្មែរក្រហមតទៅទៀត?
ហេតុអ្វីបានជាត្រូវរង់ចាំរហូតដល់ទៅជិត២០ឆ្នាំ ទើប អៀង សារី
ចេញមុខមកថ្កោលទោស ប៉ុល ពត បែបនេះ? ការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក
ជាពិសេស ទៅលើ ប៉ុល ពត ដែលបានស្លាប់បាត់ទៅហើយនោះ គឺជាទម្លាប់ទៅហើយ
របស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលនៅរស់រានមានជីវិត
ហើយដែលកំពុងប្រឈមមុខនឹងការកាត់ទោសពីសំណាក់តុលាការខ្មែរក្រហម។
ជាថ្នូរនឹង
ការចុះចូលជាមួយរដ្ឋាភិបាល អៀង សារី ត្រូវបានព្រះបាទ សម្តេចព្រះនរោត្តម
សីហនុ លើកលែងទោសឲ្យរួចផុតពីទោសប្រហារជីវិត
ដែលតុលាការប្រជាជនបដិវត្តន៍
នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាត់ទោស កាលពីខែសីហា
ឆ្នាំ១៩៧៩។ ពីពេលនោះមក អៀង សារី បានរស់នៅសោយសុខ នៅក្រុងប៉ៃលិន
ដែលកូនប្រុសរបស់គាត់ធ្វើជាអភិបាលរងក្រុង។ បន្ទាប់មក អៀង សារី
និងប្រពន្ធ អៀង ធីរិទ្ធ បានមករស់នៅ ក្នុងវីឡាដ៏ស្កឹមស្កៃមួយ
នៅក្នុងក្រុងភ្នំពេញ ដោយមានទាំងអង្គរក្សយាមឆ្វេងស្តាំផង។
នៅថ្ងៃទី១២
ខែវិច្ឆិកា ឆ្នាំ២០០៧ អៀង សារី និង អៀង ធីរិទ្ធ
ជាភរិយាត្រូវបានអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា
ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហម ចេញដីកាចាប់ខ្លួន
ពីភូមិគ្រឹះរបស់គាត់ នៅទីក្រុងភ្នំពេញ។ អៀង សារី
ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
និងឧក្រិដ្ឋកម្មសង្រ្គាម
ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ន រហូតមកទល់ពេលនេះ
ដោយរង់សវនាការ ជំនុំជម្រះ៕
No comments:
Post a Comment